សាខាកាកបាទក្រហមបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងមូលដ្ឋានការងារស្ម័គ្រចិត្តសម្រាប់យុវជនកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម
ខេត្តបាត់ដំបង៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ជាប្រធានគណ:កម្មាធិការសាខាបានចាត់មន្រ្តីប្រតិបត្តិសាខាខេត្តបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានការងារស្ម័គ្រចិត្តសម្រាប់យុវជនកាកបាទក្រហមកម្ពុជានិងវិជ្ជាសង្គ្រោះបឋមដែលបានដំណើការអស់រយៈពេល១ថ្ងៃ ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជាដែលជ្រើសរើសថ្មី ក្រោមការសម្រួលពីលោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងមន្រ្តីសាខា ដោយមានការចូលរួមពីលោកគ្រូនាយក លោកគ្រូទីប្រឹក្សានិងយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យថ្មគោល សរុបចំនួន៣៦នាក់(ស្រី២០នាក់) ។
វគ្គបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់លើមេរៀនសំខាន់ៗមួយចំនួនរួមមាន ៖
១- ប្រវត្តិចលនាអន្ដរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម
២- គោលការណ៍គ្រឹះទាំង៧ប្រការ
៣- ការប្រើប្រាស់បដិរូប
៤- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
៥- សុវត្ថិភាពចរាចរណ៍
៦-វិធីសាស្រ្តផ្សព្វផ្សាយ
៧-ការគ្រប់គ្រងក្លឹបយុវជនកាកបាទក្រហមកម្ពុជា
៨-វិជ្ជាសង្គ្រោះបន្ទាន់
លោក យ៉ាន ឧត្តម នាយករងសាខា បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា ក្មួយៗយុវជននិងសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលាពេញ១ថ្ងៃ ខិតខំត្រង់ត្រាប់ស្តាប់ការបង្ហាត់បង្ហាញពីគ្រូឧទ្ទេសរហូតទទួលបានលទ្ធផលគួរជាទីមោទនៈនិងដើម្បីចូលរួមរាល់សកម្មភាពមនុស្សធម៌ស្របតាមគោលការគ្រឹះទាំង៧ របស់ចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។
លោកបានបន្តថា ការបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាននេះគឺដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋានក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមពេញលក្ខណៈ ជាពិសេសបណ្តុះគំនិតទឹកចិត្ត និងសេចក្តីស្រលាញ់ចំពោះការងារមនុស្សធម៌ដល់ក្មួយៗយុវជនទាំងអស់ដែលជាទំពាំងស្នងប្ញស្សី និងជាអ្នកបន្តវេនសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ។
ក្នុងឱកាសបិទវគ្គ បណ្តុះបណ្តាលនេះដែរ លោក យ៉ាន ឧត្តម នាយករងប្រតិបត្តិសាខា មានសង្ឃឹមនិងជឿជាក់ថា ប្អូនៗយុវជនទាំងអស់នឹងយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្ត ក៏ដូចជាអនុវត្តក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ផ្តល់សេវាកម្មមនុស្សធម៌ សំដៅជួយសម្រាលនូវការលំបាករបស់ជនរងគ្រោះនិងងាយរងគ្រោះជំរុញដោយប្រការផ្សេងៗផងដែរ។