១ថ្ងៃលួចម៉ូតូ ២គ្រឿង ត្រូវបានអាវុធហត្ថចាប់ខ្លួន បញ្ជូនទៅ តុលាការ
បន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាព លួចម៉ូតូ២គ្រឿង នៅក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា នៅវេលាម៉ោង០១និង៥០នាទីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីលួចម៉ូតូ នៅចំណុចភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ចាន់ធី វិសា ហៅ បឹប ភេទប្រុស អាយុ ១៧ឆ្នាំ ២-ឈ្មោះ កែវ ចាន់ជូ ហៅ ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ បាននាំគ្នាធ្វើសកម្មភាពលួចយកម៉ូតូម៉ាក ហុងស៊ូម័រម៉ិច ពណ៌ខ្មៅ លាយក្រហម ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A 6872 ចំនួន០១គ្រឿង របស់ដើមបណ្តឹងឈ្មោះ ម៉ៅ រក្សា ភេទស្រី អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់ នៅបន្ទប់ជួល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូខាងលើបានសម្រេចក្រុមជនសង្ស័យទាំងពីរនាក់ខាងលើបាន ជិះម៉ូតូគេចខ្លួនទៅក្រុងប៉ោយប៉ែត រហូតដល់វេលាម៉ោង០៨យប់ថ្ងៃទី២១ ខែតុលា បានចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត តែត្រូវបានម្ចាស់គេតាមទាន់ ទើបជនសង្ស័យទាំងពីររត់ចោលម៉ូតូខាងលើ។ លុះដល់វេលាម៉ោង១០យប់ ថ្ងៃខែឆ្នាំ ដដែល ជនសង្ស័យទាំងពីរនាក់ បានបន្តធ្វើសកម្មភាពលួចម៉ូតូម៉ាក ហុងដាឌ្រីមពណ៍ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1W-8683 ចំនួន០១គ្រឿង របស់ជនរងគ្រោះឈ្មោះ ហម សំណាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពួកគេបានយកជើងធាក់ករម៉ូតូរួច ជិះធ្វើដំណើរមកក្រុងសិរីសោភ័ណ ក៏ត្រូវបានសមត្ថកិច្ចក្រុងសិរីសោភ័ណឃាត់ខ្លួនតែម្តង ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលេី កម្លាំងអាវុធហត្ថ ដកហូតវត្ថុតាងម៉ូតូ២គ្រឿង ១.ម៉ូតូម៉ាកហុងដា ស៊ូម័រម៉ិច ពណ៌ខ្មៅ លាយក្រហម ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ 1A 6872។ ២-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខបន្ទាយមានជ័យ 1W 8683 ចំនួន០១គ្រឿង។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យទាំង២នាក់បានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ផ្អែកតាមចម្លេីយសារភាព និងវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មុនពេលបង្រ្កាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២នេះ ។ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងអាវុធហត្ថប្រគល់ជូនម្ចាស់ដេីមវិញហើយ ៕