ក្នុងមួយថ្ងៃ មានមនុស្ស០៣នាក់ បានលង់ទឹកស្លាប់ នៅស្រុកពីរផ្សេងគ្នា នៃខេត្តបាត់ដំបង
បាត់ដំបង ៖ យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ យ៉ាងហោចណាស់ មានមនុស្សក្មេងចាស់ចំនួន០៣នាក់ បានស្លាប់ដោយសារលង់ទឹក បីករណីក្នុងស្រុកពីរផ្សេងគ្នា ។
ករណីទី១ កើតឡើងនៅវេលាម៉ោង ១៥និង០០នាទីរសៀល ស្ថិតនៅចំណុចក្រុមទី០៣ ភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ ប៊ុត សារឿត ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅក្នុងទីកន្លែងកើតហេតុខាងលើ មូលហេតុ ដោយសារជនរងគ្រោះ មានជម្ងឺប្រចាំកាយលើសឈាម ក្រពះពោះវៀន ។
ករណីទី២ កើតឡើងនៅវេលាម៉ោង ០៨និង០០នាទីព្រឹក នៅចំណុចទួលចារ ស្ថិតក្នុងក្រុមទី០២ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ ជា រក្សា ភេទស្រី អាយុ០៧ខែ រស់នៅក្នុងភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មូលហេតុដោយសារការធ្វេសប្រហែសរបស់អាណាព្យាបាល ។
ករណីទី៣ កើតឡើងនៅវេលាម៉ោង ០៧និង០០នាទីព្រឹក នៅចំណុចវាលស្រែ១០០ ស្ថិតក្នុងក្រុមទី០១ ភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ កាត់ បាន់ដារ៉ាសែន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ មូលហេតុ ដោយសារស្រវឹងស្រា ទៅលាងជើងក៏រអិលធ្លាក់ទឹកលូប្រឡាយ ដែលកំពុងតែហូរខ្លាំងបណ្តាលឲ្យលង់ស្លាប់ ៕
ដោយ ៖ សាលី