ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្ស០២នាក់រងរបួសធ្ងន់និងស្រាល
ខេត្តបាត់ដំបង! យ៉ាងហោចណាស់មនុស្ស០២នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង១៨និង៥៥នាទី ថ្ងៃទី១០.ខែវិច្ឆិកា ឆ្ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវកៅស៊ូមួយខ្សែ ត្រង់ចំណុចក្រុមទី១៣ ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០១២មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1N .2919 បើកបរដោយឈ្មោះ ង៉ួន យីន ភេទប្រុស អាយុ២៧ឆ្នាំ (របួសស្រាល)រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ បាត់ដំបង 1AM.6542 បើកបរដោយបុរសម្នាក់ឈ្មោះ ឆៃ យ៉ា អាយុជាង២០ឆ្នាំ (របួសធ្ងន់)រស់នៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន និងបានរ៉េចង្កូតជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់និងស្រាលតែម្តង ចំណែកម៉ូតូខូចខាតទាំងសងខាងផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងនាំយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះឈ្មោះ ឆៃ យ៉ា រងរបួសធ្ងន់ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យផងដែរ។