នគរបាលខេត្តបន្ទាយមានជ័យ ចុះអប់រំណែនាំអ្នកបើកឡានធំដឹកដី ដល់ទីតាំងរណ្តៅដី

បន្ទាយមានជ័យ ៖ កំលាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ ដឹកនាំដោយ​លោកវរសេនីយ៍ឯក​ គី មករា​ អមដោយឡានសារ៉ែន ១គ្រឿង និងម៉ូតូសារ៉ែន ២គ្រឿង បានចុះអប់រំណែនាំដល់អ្នកបើកឡានធំដឹកដី ដែលបើកបរតាមផ្លូវជាតិ ផ្លូវលំ ក្នុងមូលដ្ឋានក្រុងសិរីសោភ័ណ និងចុះធ្វើកិច្ចសន្យាដល់ទីតាំងរណ្តៅដី ឲ្យអនុវត្តន៍តាមគោលការណ៍ សំខាន់ ៣យ៉ាង ។

សកម្មភាពនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយទីតាំទី១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងទីតាំទី២ នៅចំណុចរណ្តៅដីមួយកន្លែង ស្ថិតនៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អនុវត្តន៍តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងក្រោមឱវាទរបស់លោក ចំនួន១១នាក់ អមដោយរថយន្តសារ៉ែន និងម៉ូតូសារ៉ែន បានចុះត្រួតពិនិត្យធ្វើការអប់រំណែនាំ ដល់អ្នកបើកបររថយន្តធំ ដឹកដី ថ្ម ខ្សាច់ គ្រឿងសំណង់ និងទំនិញផ្សេងៗ ទៀត ឲ្យយល់ដឹងពីការរៀបចំដឹកទំនិញ និងការបើកបរក្នុងទីប្រជុំជន ដោយបានឃាត់រថយន្ត សរុបបានចំនួន២៥គ្រឿង ក្នុងនោះបានធ្វើកិច្ចសន្យាអប់រំកែតម្រូវ ចំនួន១២គ្រឿង ។

លោកបន្តថា ក្រៅពីការចុះអប់រំនេះ លោកបានដឹកនាំកម្លាំង ចុះដល់ទីតាំងរណ្តៅដី ធ្វើការអប់រំលើម្ចាស់អេស្កា និងម្ចាស់ឡានបែន ដោយកំណត់ឲ្យអនុវត្តន៍តាមគោលការណ៍សំខាន់ ៣យ៉ាង មាន ៖ ១-កាយដីដាក់ឡាន ត្រូវដាក់អោយស្មើរទ្រុង, ២-ឡានដែលចេញពីរន្តៅដីត្រូវគ្របអោយបានត្រឹមត្រូវ,  ៣-បើកបរក្នុងទីប្រជុំជនតាមល្បឿនច្បាប់កំណត់ ។

លោកនាយការិយាល័យ បានបញ្ជាក់ថា ចំពោះរថយន្តណា ដែលមិនគោរពតាមការណែនាំខាងលើ សមត្ថកិច្ច នឹង​មាន​វិធានការ​ផាក​ពិន័យ​ទៅតាម​ច្បាប់ ក្នុង​ករណី​មិន​រាងចាល នឹង​ឈាន​ដល់​ការ​បិទ​អាជីវកម្ម​តែ​ម្តង​ ៕

CATEGORIES
Share This