លោកជំទាវ ញ៉ែម សាខន ស ខេង នាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋចំនួន៥០០គ្រួសារ ក្នុងក្រុងបាត់ដំបង
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសអ្នកម្តាយមនុស្សធម៌ បានជួបសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ចែកជូនដល់ប្រជាពលរដ្ឋចាស់ជរា គ្រួសារខ្វះខាត ជួបការលំបាក ចំនួន ៥០០គ្រួសារ នៅក្នុងបរិវេណវត្តពោធិ៍វាលស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ។
ពិធីប្រគល់អំណោយ ជូនដល់ពលរដ្ឋនេះដែរ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសអ្នកម្តាយមនុស្សធម៌ ដោយមានការចូលរួមពីលោកជំទាវ ម៉ៅ ម៉ាឡៃ កែ គឹមយ៉ាន ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងប្រតិភូអមដំណើរ សមាជិក សមាជិការាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា និងឯកឧត្តម ងិន ឃន អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងបាត់ដំបង និង ឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្ត្រ ក៏ដូចជាឯកឧត្តម ជំទាវ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង ផងដែរ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ស សុខា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង គ្រប់លំដាប់ថ្នាក់ នៅមូលដ្ឋានដែលបានយកចិត្តទុកដាក់ ជួយសង្គ្រោះពលរដ្ឋបានទាន់ពេលវេលា ដែលសកម្មភាពនេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល រួមមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និង មន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ។
ឯកឧត្តមបញ្ជាក់ថា កន្លងទៅនេះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានគ្រប់គ្រងស្ថានភាព ទាំងនយោបាយ ទាំងសេដ្ឋកិច្ច ហើយជាពិសេសរាជរដ្ឋាភិបាល បានគិតគូរត្រឹមត្រូវធ្វើអោយប្រទេសកម្ពុជាយើង បើកទូលំទូលាយអាចជួបជុំគ្នាបាន រាប់រយរាប់ពាន់នាក់ តាមរយៈការគ្រប់គ្រងបានយ៉ាងល្អនូវវិបត្តិជំងឺកូវីដ១៩ ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ចំពោះការងារទៅមុខទៀត ទាំងឯកឧត្តមផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចុះជួយខេត្ត ដែលមានសម្តេចក្រឡាហោម ក៏ដូចជាថ្នាក់ដឹកនាំ ទទួលបន្ទុកក្រុងស្រុក នីមួយៗ និងកំពុងដើរធ្វើសកម្មភាពដូចៗគ្នា មិនមែនគិតថា ជិតបោះឆ្នោតបានធ្វើទេ គឺយើងបន្តធ្វើដូចភ្លៀងរលឹម ក្នុងគោលដៅដើម្បីធ្វើយ៉ាងម៉េច អោយមានភាពជិតស្និទ្ធរវាងខ្មែរនិងខ្មែរ ហើយបន្តរិះគន់ក្នុងន័យស្ថាបនា ដើម្បីធ្វើម៉េចអោយមានការល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ។
សូមបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនដល់ពលរដ្ឋទាំង ៥០០គ្រូសារ ក្នុង១គ្រួសារៗ ទទួលបាន ៖ អង្ករ២០គីឡូក្រាម, ទឹកសុទ្ធ១យួរ, ត្រីខកំប៉ុង១យួរ, ក្រម៉ា០១, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងមី១កេសផងដែរ ៕
ដោយ ៖ សាលី