សម្តេចតេជោ ហ៊ុន សែន ចារយល់ព្រមតាមសំណើរសម្តេចក្រឡាហោម ស ខេង លើការតែងតាំងលោក ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ

ភ្នំពេញ ៖ តាមសំណើសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែល បានដាក់សំណើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងសម្រេច លើការតែងតាំងមុខតំណែងលោក ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ ដែលត្រូវទទួលភារកិច្ចថ្មី ត្រូវបានសម្តេចតេជោ ចារយល់ព្រម ។

នេះបើតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានគេផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។

តាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ដែលត្រូវបានបង្ហោះមានខ្លឹមសារដូចដូច្នេះថា៖ «សូមគោរពស្នើសុំគោលការណ៍ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីមេត្តាពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ លើការតែងតាំងមុខតំណែង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងការតែង តាំងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់» ។ តាមរយៈសំណើរបស់សម្ដេច ស ខេង គឺបានស្នើសុំតែងតាំងមុខតំណែងលោក ខូយ រីដា ពីអភិបាលរងខេត្តបាត់ដំបង ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ ដែលត្រូវស្នើតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ ។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការស្នើសុំតែងតាំងមុខតំណែងខាងលើនេះ គឺ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការដឹកនាំ និងគ្រប់គ្រងការងាររបស់រដ្ឋបាលខេត្តពោធិ៍សាត់ និងផ្អែកលើការពិនិត្យវាយតម្លៃលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធការងាររបស់មន្ត្រីរាជការ នាពេលកន្លងមក ។

សូមជម្រាបថា លោក ខូយ រីដា ជាអតីតអភិបាលរងខេត្តពោធិ៍សាត់ មុនពេលលោក ត្រូវបានផ្លាស់ប្ដូរជាអភិបាលរងខេត្តបាត់ដំបង ។ ដែលកាលលោកនៅជាអភិបាលរងខេត្ត លោកមានសកម្មភាពខ្លាំងក្នុងកិច្ចការងារ ជាមួយពលរដ្ឋ និងក្នុងការដោះស្រាយបញ្ហានានា ដែលរដ្ឋាភិបាលដាក់ជូន ។ ដោយឡែក លោក ជាវ តាយ ក្រោយចូលកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ គឺ មួយរយៈពេលចុងក្រោយនេះ មិនបានឃើញវត្តមានរបស់លោក នៅក្នុងការដឹកនាំការងាររបស់រដ្ឋបាលខេត្តពោធិ៍សាត់ឡើយ ៕

CATEGORIES
Share This