ក្រុមគ្រូពេទ្យស្រុកប្រតិបត្តិOD ស្រុកសង្កែ ចុះចាក់វ៉ាក់សាំង កូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតាមភូមិ ក្នុងស្រុកឯកភ្នំ

បាត់ដំបង ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យស្រុកប្រតិបត្តិOD ស្រុកសង្កែ បានសហការជាមួយក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពឃុំសំរោងក្នុង ចុះចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតាមភូមិ ក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

លោក មុំ វីរ៉ា បុគ្គលិកផ្នែកវ៉ាក់សាំង បានអោយដឹងថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលគាត់ជាប់រវល់មិនបាន ឡើងទៅចាក់នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ទើបក្រុមការងារគ្រូពេទ្យស្រុកប្រតិបត្តិOD ស្រុកសង្កែ ចុះសហការជាមួយក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពឃុំសំរោងក្នុង លោកមេភូមិ និងមេឃុំ ដើម្បីចុះចាក់វ៉ាក់សាំងដូសជំរុញ ជូនប្រជាពលរដ្ឋនៅតាមភូមិ គ្រប់ភូមិ ដោយប្រើរយៈពេល ០៩ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែធ្នូរហូតដល់ថ្ងៃទី០៩ ខែធ្នូ ទើបបញ្ចប់សម្រាប់ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់់បានចាក់វ៉ាក់សាំងដូសទី១ ឬដូសជំរុញទី៤ និងទី៥ សូមអញ្ជើញមកចាក់អោយបានគ្រប់ៗគ្នា នៅតាមទីតាំងដែលក្រុមការងារ បានរៀបចំនៅតាមភូមិនីមួយៗ ហើយបើសិនជាបងប្អូនមិនបានមកចាក់នៅតាមភូមិ សូមអញ្ជើញ នាំគ្នាទៅចាក់នៅមណ្ឌលសុខភាពសំរោងក្នុង ទាំងព្រឹក ទាំងល្ងាច រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ៕

CATEGORIES
Share This