មនុស្ស០២នាក់ របួសធ្ងន់និងស្រាល ក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង នៅគល់ស្ពានវត្តគរ
បាត់ដំបង ៖ យ៉ាងហោចណាស់មានមនុស្សចំនួន០២នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង នៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី០៤.ខែធ្នូ ឆ្ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចគល់ស្ពានវត្តគរ ឈៀងខាងកើត ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពបានប្រាប់បន្តថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1U .1368 បើកបរដោយឈ្មោះ នក់ ហ្វួយ ភេទប្រុស អាយុប្រហែលជាង ៦០ឆ្នាំ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀត ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1.AP 9893 បើកបរដោយបុរសម្នាក់ឈ្មោះ សុខ វណ្ណឌី អាយុ១៩ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ទៅបុកគ្នាពេញទំហឹង បណ្តាលអោយភាគីខាងម៉ូតូ០១៥ រងរបួសធ្ងន់ និងភាគីខាងម៉ូតូ០២២ រងរបួសស្រាលតែម្តង ចំណែកម៉ូតូខូចខាតទាំងសងខាងយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញ បានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរ ត្រូវបានវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី