ប្រទះឃើញសាកសពម្នាក់ ដេកស្លាប់ក្នុងចំការដំឡូង ក្រៀមស្វិត សល់តែគ្រោងឆ្អឹង

បាត់ដំបង ៖ បុរសម្នាក់ត្រូវបានម្ចាស់ចម្ការ ប្រទះឃើញដេកស្លាប់នៅក្នុងចម្ការ ដំឡូងមីមួយកន្លែង ក្នុងសភាពក្រៀមស្វិតសល់តែគ្រោងឆ្អឹង ដែលហេតុការណ៍ប្រទះឃើញគ្រោងឆ្អឹងសាកសពខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅក្នុងចម្ការដំឡូងមីមួយកន្លែង ក្បែជើងភ្នំវែង ក្នុងភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

បើតាមការរៀបរាប់ពីឪពុកម្តាយរបស់សព បានបញ្ជាក់ថា កូនប្រុសរបស់គាត់មានឈ្មោះ យន់ រីណា អាយុ២៨ឆ្នាំ មុខរបរដឹកត្រីដើរលក់តាមភូមិ រស់នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកភ្នំព្រឹក  និងមានគូរដំណឹងនៅតែថ្ងៃចូលរោងការប៉ុណ្ណោះ ហើយរូបគេបានបាត់ខ្លួនតាំងពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២មកម្ល៉េះ ដោយមិនដឹងជាទៅទីណា ដោយឡែកម៉ូតូ លុយកាក់ និង គ្រឿងអល័ង្កា គឺកូនគាត់ទុកនៅក្នុងបន្ទប់ដេកទាំងអស់ គឺយកតែទូរស័ព្ទមួយគ្រឿងតាមខ្លួនប៉ុណ្ណោះ ប៉ុន្តែតេលែងចូលរហូត។

ដោយឡែកនារីដែលជាគូដណ្តឹង ក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃទី៣១ តុលា វេលាម៉ោងជិត១២យប់ គាត់ជនរងគ្រោះបានតេទៅលេងខ្លួន បានមួយភ្លែតរួចហើយក៏បាត់រហូតតែម្តង ។

ចំណែកម្ចាស់ចម្ការ បានអោយដឹងដែរថា ដោយសារតែភ្លៀងធ្លាក់ញឹកញាប់ពេក ធ្វើអោយគាត់ត្រូវអាក់ខានមិនបានមកបាញ់ថ្នាំស្មៅរាប់ខែ ទើបមិនបានដឹងថាមានមនុស្សស្លាប់នៅក្នុងចម្ការបែបនេះ ហើយម៉្យាងទៀត ភូមិសាស្ត្រនេះ មិនងាយអ្នកណាចូលមកដល់ណាស់ព្រោះផ្លូវតូច មានសភាពលំបាកក្នុងការធ្វើដំណើរ ៕

ដោយ ៖ សាលី

CATEGORIES
Share This