ប្រទះឃើញគ្រាប់យុទ្ធភណ្ឌចំនួន០២គ្រាប់នៅក្នុងភូមិសាស្ត្រ០២ផ្សេងគ្នា
ខេត្តបាត់ដំបង! គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅថ្ងៃតែមួយក្នុងភូមិសាស្ត្រស្រុកក្រុង០២ផ្សេងគ្នា។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបង្ហាញថា គ្រាប់យុទ្ធភណ្ឌដែលប្រទះឃើញទាំងពីរគ្រាប់ខាងលើនេះ ករណីទី១ ត្រូវបានប្រជាពលរដ្ឋ ឈ្មោះ បូរ ធារី ភេទស្រី រស់នៅភូមិព្រៃអម្ពាន់ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ប្រទះឃើញនៅមាត់ប្រឡាយក្បែរផ្ទះ វេលាម៉ោង៩នឹង០០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដែលជាប្រភេទគ្រាប់DK82 ចំនួន០១គ្រាប់។
ករណីទី២ ត្រូវបានក្រុមបច្ចេកទេសបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ(ស៊ីម៉ាក់) រកឃើញនៅពេលចុះបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទីតាំងបញ្ចុះបឋមសីលាសាងសង់រង្វង់មូល វិមានឯករាជ្យ នៅបរិវេណត្រង់ចំណុចសួននាគបាញ់ទឹក ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលជាប្រភេទគ្រាប់(UXO) B40 ចំនួន០១គ្រាប់។
ក្រោយពីប្រទះរកឃើញ គ្រាប់យុទ្ធភណ្ឌខាងលើត្រូវបានអង្គភាពកំចាត់មីនស៊ីម៉ាក់យកទៅរក្សាទុកដើម្បីរងចាំពេលវេលាធ្វើការដុតបំផ្លាញចោលនៅពេលក្រោយ។