ឃាត់ខ្លួនស្រ្តីម្នាក់ម្ចាស់ទីតាំងហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ និងនារីរងគ្រោះចំនួន០៨នាក់

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការ ជាមួយ អាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបជាក់ស្តែងករណីប្រព្រឹត្តិអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើក​ហាង​ម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទ ​ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងនារីរងគ្រោះចំនួន ០៨នាក់ ក្នុងនោះមានអនីតិជនចំនួន០៣នាក់ និងវត្ថុតាងស្រោមប្រើប្រាស់រួចមួយ​ចំនួន​និងមិនទាន់ប្រើប្រាស់មួយចំនួន។

ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​និងជាស្នងការ​នគរបាល​រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង​ទទួល​ផែនការ​ងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានី​ភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក សិត វណ្ណៈ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញ និងលោកវរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ ​បានដឹកនាំបញ្ជាផ្ទាល់ ធ្វើការ​ឃាត់ខ្លួនស្រ្តីម្ចាស់ទីតាំងម្នាក់ ​និងនារីរងគ្រោះ ក្មេងៗចំនួន០៨នាក់ ​នៅវេលាម៉ោង០៩និង១០នាទី យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ​ចំណុចហាងម៉ាស្សាកោសជប់យីហោ«៩៩៩៩» ស្ថិតនៅផ្ទះគ្មានលេខ ​ចំណុចចុងស្ពានព្រែកព្នៅខាងលិច ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ស្រ្តីជាម្ចាស់ទីតាំងមានឈ្មោះ សេក មុំ អាយុ៤០ឆ្នាំ ស្ថិតនៅផ្ទះគ្មានលេខ ​ ផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ ​សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ​រាជធានីភ្នំពេញ។

តាមប្រភព បានឲ្យដឹងថា ទីតាំងហាងម៉ាស្សាកោសជប់យីហោ«៩៩៩៩» មានស្រ្តីម្នាក់ ជាម្ចាស់​ទីតាំង នៅក្នុងហាងមានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន ០៨នាក់ សង្ស័យអនីតិជន ០៣នាក់និងមានបន្ទប់សម្រាប់រួមភេទចំនួន ០៤បន្ទប់​ តម្លៃម៉ាស្សាធម្មតា ២.០០០០រៀល ក្នុងមួយម៉ោង​ និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី ២០$ ទៅ ២៥$ ហើយលុយដែល​បានមក​ពីការ រួមភេទ គឺម្ចាស់ទីតាំងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ។

ប្រភពដដែល បានឲ្យដឹងថា ហាងម៉ាស្សានេះ បើកដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ​០៥ល្ងាច រហូតដល់ ​យប់​អាធ្រាត្រ​ទើបបិទទ្វារ​ រីឯនារីដែលសង្ស័យជាអនីតិជន​ចំនួន ០៣នាក់ គឺចូលមក​បម្រើ​ការងារចាប់ពីម៉ោង ០៧យប់ រហូតដល់ម៉ោង ០៩យប់ ។ ក្រោយប្រតិបត្តិការកម្លាំងជំនាញបាននាំខ្លួនស្រ្តីម្ចាស់ទីតាំង ​ទៅការិយាល័យប្រឆាំងការជួញ​ដូរ​មនុស្ស​និងការពារអនីតិជន ​ដើម្បីសួរនាំកសាងសំណុំរឿង ​ចាត់ការតាមនីតិវិធី។ ចំណែកនារីរង​គ្រោះទាំង០៨នាក់​ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការអប់រំ៕

CATEGORIES
Share This