រថយន្ដមន្ត្រីនគរបាល៨៩១ បើកបុកគ្នាជាមួយរថយន្តមន្ត្រីយោធាភូមិភាគ៥ បញ្ចប់ត្រឹមសំណងជួសជុលរថយន្ត

បន្ទាយមានជ័យ ៖ ហេតុការគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្ត២គ្រឿងបើកបុកគ្នា កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសព្វរវាងភូមិអូរជ្រៅ និងភូមិប៉ាលិល័យ្យ២ ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត ដែលបានចុះសម្របសម្រួល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត២គ្រឿង គឺ មួយគ្រឿងម៉ាកលុចសុីស RX-300 ជារបស់មន្ត្រីនគរបាលការពារព្រំដែនគោកលេខ៨៩១ ដែលបើកបរពីកើតមកលិច និងរថយន្តមួយគ្រឿងទៀត  ម៉ាកតូយូតា ហុីលុច រីវ៉ូ ពណ៌ទឹកប៊ិច ជារបស់មន្ត្រីយោធាភូមិភាគ៥ ។

ប្រភពបន្តថា ដើមឡើយភាគីទាំងសងខាងបានជជែកវែកញែកជាមួយគ្នា ដែលមាននគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងក្រុងប៉ោយប៉ែតធ្វើការសម្របសម្រួល តែត្រូវភាគីខាងរថយន្ត toyota revo ពណ៌ទិកប៊ិច មិនព្រមឯកភាព ហើយបោះសោររថយន្តឱ្យភាគីម្ខាងទៀត ទិញរថយន្តជូនវិញ ប៉ុន្តែដោយមានការពន្យល់ណែនាំរបស់កម្លាំងនគរបាលចរាចរណ៍ ភាគីទាំងសងខាងបានត្រូវរូវគ្នា ហើយក៏សម្រេចចិត្តយករថយន្តទៅដាក់នៅកន្លែងជាង ដើម្បីជុសជុល ដោយសំណងនៃការជួសជុលរថយន្ត ជាបន្ទុករបស់ភាគីនគរបាល៨៩១ ដែលជាម្ចាស់រថយន្តលុចសុីស RX-300 ៕

CATEGORIES
Share This