គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងនិងខ្វះខាតស្បៀង ចំនួន៥៧គ្រួសារ នៅស្រុកថ្ពង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ លោក វ៉ី សំណាង ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកថ្ពង ក្រុមកាកបាទក្រហមឃុំ និងសហការីនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងនិងខ្វះខាតស្បៀងចំនួន៥៧គ្រួសារ(ធ្ងន់ ៣គ្រួសារ និងស្រាលហើយខ្វះខាតស្បៀង ៥៤គ្រួសារ) ស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ថ្លែងលើកឡើងក្នុងឱកាសនោះ លោក វ៉ី សំណាង បានពាំនាំនូវសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិ ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលកន្លងទៅ ។
លោក ប្រធានបានបន្តថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែយកចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ ដោយសម្ដេចទាំងទ្វេ មិនដែលទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាដោយត្រូវអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល។
លោកថា អំណោយដែលផ្តល់ជូន ថ្វីត្បិតតិចតួចមិនអាចធ្វើឱ្យបងប្អូនមានបាននិងបំពេញទៅតាមសេចក្តីត្រូវការ តែ វាពិតជាបានជួយដោះស្រាយ សម្រាលនូវទុក្ខលំបាកនិងសេចក្តីស្រេកឃ្លានរបស់បងប្អូនបានមួយរយៈពេលខ្លី ដើម្បីទុកឱកាសឱ្យបងប្អូនចេញទៅប្រកបមុខរបរផ្សេងៗសម្រាប់ផ្គត់ផ្គង់គ្រួសារ។