កសិករចិញ្ចឹមជ្រូកកូនលក់ មិនរងផលប៉ះពាល់ ដោយសារតំលៃចុះថោកឡើយ
បន្ទាយមានជ័យ ៖ ទោះជាតំលៃនៃទីផ្សារនៃសាច់ជ្រូក ឬក៏ជ្រូករស់កំពុងធ្លាក់លាក់ថ្លៃ ប្រមាណជាពីខែមកហើយនោះ ក៏មិនបង្កផលប៉ះពាល់ខ្លាំងដល់ កសិករចិញ្ចឹមជ្រូកកូនលក់ដែរ ដោយគ្រាន់ចំណេញតិច មិនដូចការទិញកូនជ្រូកយកមកចិញ្ចឹមលក់ គឺ រងការខាតក្នុងមួយក្បាល់ ទៅ១០មឺនរៀល ។
លោក គង់ ប៊ុនសិទ្ធិ ជាប្រជាកសិករចិញ្ចឹមជ្រូកលក្ខណៈគ្រួសារមួយរូប។ នៅឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានអោយដឹងថា សម្រាប់រូបលោកជាអ្នកចិញ្ចឹមជ្រូកខ្នាតតូច ដោយចិញ្ចឹមជ្រូកមេយកកូន ចិញ្ចឹមបន្តមិនមានបញ្ហាប្រឈមខ្លាំង លើតំលៃទីផ្សារសត្វជ្រូកដែលកំពុងធ្លាក់ថ្លៃ ក្នុងរយៈពេលជាងពីខែមកនេះទេ ដោយគ្រាន់តែចំណេញតិចតួច បើអោយខាត់មិនខាតឡើយ ។
មូលហេតុដែលធ្វើអោយការចិញ្ចឹមជ្រូករបស់លោក មិនខាតដោយសារ លោកមិនបានចំណាយដើមទៅទិញកូនជ្រូក យកមកចិញ្ចឹម និងបានកែឆ្នៃចំណីដោយមិនបានពឹងផ្អែកទាំងស្រុង លើចំណីសម្រេចហើយ១០០% លក់លើទីផ្សារដែលមានតំលៃថ្លៃ និងឡើងរហូតនោះទេ ។ សម្រាប់កូនជ្រូកដែលគាត់ចិញ្ចឹមចន្លោះពីកើតរហូតដល់លក់ ក្នុងទំងន់១០០គីឡូក្រាមត្រូវចំណាយពេលបួនខែ ហើយក្នុងការលក់កាត់ថ្លៃចំណាយអស់ក្នុងជ្រូកចំនួន១០ក្បាល់ គឺ ចំណេញបានពីក្បាល់ ។ ចំពោះតំលៃបច្ចុប្បន្នតំលៃជ្រូកមួយគីឡូក្រាម៧៥០០រៀល ទៅ៧៨០០រៀល ខុសពីប៉ុន្មានខែមុនៗ តំលៃថ្លាក់ចុះ គឺមួយគីឡូក្រាម ជាងមួយម៉ឺនរៀល ។
លោកបានអោយដឹងទៀតថា កន្លងមកលោកក៏ធ្លាប់ទិញកូនជ្រូក យកមកចិញ្ចឹមនិងប្រើចំណីស្រាប់ លក់លើទីផ្សារដែរ តែដោយសារតែចំណីទាំងនោះ ចេះតែឡើងថ្លៃរហូត និងតំលៃជ្រូកក៏ចុះធ្វើអោយខាត់ទាំងពេលវេលា និងថវិកា ក៏ដូរមកទិញជ្រូកមេយកកូនចិញ្ចឹម និងការមើលថែបានល្អផងឃើញថា ទទួលបានផលចំណេញអាចផ្គត់ផ្គងជីវិភាពបាន ។
ជុំវិញការចិញ្ចឹមជ្រូក និងតំលៃធ្លាក់ចុះនេះ លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យបានអោយដឹងថា តាមការយកចិត្តទុកដាក់ពីសំណាក់លោកប្រធានមន្ទីរកសិកម្មខេត្ត លើការចិញ្ចឹមជ្រូករបស់ប្រជាកសិករ ក៏ដូចជាការិយាល័យបសុពេទ្យផ្ទាល់ បានចុះជាប់ជាមួយប្រជាកសិករ ក្នុងការចិញ្ចឹមជ្រូកក្នុងនោះតាមការស្រាវជ្រាវដោយយកចិត្តទុកដាក់ តំលៃជ្រូកមិនត្រឹមតែធ្លាក់ចុះតែខេត្តបន្ទាយមានជ័យទេ គឺ ធ្លាក់ចុះទូទៅចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២មក តែបានឡើងវិញបន្តិចនៅពីរបីថ្ងៃនេះ ចំពោះជ្រូកសាច់ចិញ្ចឹមលក្ខណៈគ្រួសារ ពីមួយគីឡូ៧៥០០រៀល មកបាន៧៣០០រៀលវិញ ។ ដោយឡែកចំពោះជ្រូកចិញ្ចឹមបែបកសិដ្ឋានជាមួយក្រុមហ៊ុនសុីភី មានតំលៃមួយគីឡូក្រាម៩៣០០រៀល លក់អោយក្រុមហ៊ុន ។ មានន័យថា បច្ចុប្បន្នបើប្រជាកសិករចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ តាមការទិញកូនមកចិញ្ចឹម គឺ រងការខាត់ពី៧០០រៀល ទៅមួយពាន់រៀល ក្នុងមួយគីឡូក្រាមនិយាយរួម ខាត់ភាគច្រើនលើតំលៃទិញកូនជ្រូក តែបើអ្នកចិញ្ចឹមកូនជ្រូកពីមេមិនខាតទេ គឺ ចំណេញពីមួយគីឡូក្រាម១ម៉ឺន ទៅមួយម៉ឺនប្រាំពាន់រៀល ។ ដោយឡែកចំពោះការចិញ្ចឹមបែបកសិដ្ឋាន ជាមួយក្រុមហ៊ុន គឺ មិនដែលខាត់ទេដោយសារតែមានការចុះកុងត្រា និងមានការផ្គត់ផ្គងពីក្រុមហ៊ុន មានន័យថាមានតែចំណេញ ។
លោកប្រធានការិយាល័យបសុពេទ្យ បានបញ្ជាក់ថា ជាវិធានការ លើវិស័យផលិតកម្មបសុព្យាបាល តាមសង្កេតឃើញថា ការចិញ្ចឹមជ្រូកតែងតែមានបញ្ហាទីផ្សារជានិច្ចមួយឆ្នាំមានម្តងគ្រាន់តែរយៈពេលខ្លី និងវែងតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាវាជាមុខរបររបស់កសិករ គាត់នៅតែចិញ្ចឹម ហើយក្នុងនាមមន្រ្តីជំនាញបានធ្វើកិច្ចការ ជាមួយពួកគាត់ដោយកែលំអរគាត់ ពីការចិញ្ចឹមដោយចំណីសម្រេចលើទីផ្សារ មកផ្តោតលើវត្ថុធាតុដើមដែលគាត់មានដើម្បីកាត់បន្ថយលើការចំណាយនៃការចិញ្ចឹម ៕