ឃាត់ខ្លន ក្រុមក្មេងទំនើង ៥នាក់ ខណៈកំពុងដឹកដាវស្វែងរកគូរប្រយុទ្ធទាំងយប់
បាត់ដំបង ៖ កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប ដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួន ក្រុមក្មេងទំនើង ៥នាក់ ប្រដាប់ដោយកាំបិត បំពង់ទីប និងពូថៅ ខណៈកំពុងស្វែងរក ដៃគូរទំនាស់ ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា កិច្ចប្រតិបត្តិការខាងលើនេះធ្វេីឡេីងនៅលេីដងផ្លូវសាធារណៈស្ថិតនៅចំណុចភូមិវត្តគរសង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលក្នុងបទល្មើសជាក់ស្តែងនេះ សមត្ថកិច្ចបានធ្វើការនាំខ្លួនក្រុមក្មេងទំនើងចំនួន០៥នាក់ រួមនិងវត្ថុតាងមួយចំនួន ដូចជា ៖ កាំបិតកែច្នែ ចំនួន ០២ដើម, កាំបិតប៉័ងតោ ចំនួន ០១ដើម, ពូថៅ ចំនួន ០១ដើម, ដែកបំពង់ទីបចំនួន០១ដើម, ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1M – 2802 មួយគ្រឿង និងម៉ាកស៊ូស៊ូគីវីវ៉ាពណ៌ក្រហម ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1M – 0495 មួយគ្រឿង ។
លោកបន្តថា ក្រោយពីនាំខ្លួនសាកសួរ ពួកគេបាននិយាយរៀបរាប់ថា មូលហេតុដែលក្រុមគេជិះម៉ូតូដឹកកាំបិត -បំពង់ទីប និង ពូថៅ ធ្វើដំណើរក្នុងពេលយប់នេះគឺក្នុងគោលបំណងទៅកាប់លើគូរទំនាស់ដែលគូរទំនាស់នោះបានប្រើប្រាស់ដុំថ្មគប់មកលើក្រុមរបស់ខ្លួនដែលកំពុងជិះម៉ូតូនៅតាមផ្លូវនៅរាត្រីនេះប៉ុន្តែការគប់នោះមិនបានបង្ករបួសស្លាកស្នាមដល់ក្រុមខ្លួននោះទេ តែដោយការឈឺចុកចាប់ក្នុងចិត្តចំពោះទង្វើរបស់ក្រុមនោះ ពួកខ្លួនមិនអាចសំងំដេកឱ្យលក់បានទេ ក៏ប្រដាប់ដោយសម្ភារៈប្រយុទ្ធខាងលើ ហើយជិះម៉ូតូស្វែង រកគូរប្រយុទ្ធទាំងកណ្តាលរាត្រីតែម្តង ប៉ុន្តែមិនទាន់ស្វែងរកគូរប្រយុទ្ធឃើញផង ក៏ត្រូវសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួននិងនាំយកមកធ្វើការសាកសួរតែម្តង ។
ជាមួយការឃាត់ខ្លួននេះ មហាជនបានលេីកឡេីងថា សំណាងហេីយ ដែលសមត្ថកិច្ចលោក ធ្វេីការឃាត់ក្រុមនេះបានមុនពេល ពួកគេទៅដល់គោលដៅធ្វេីសកម្មភាព បេីមិនដូច្នេះទេ មិនដឹងថានឹងមានអ្នកទទួលរងគ្រោះប៉ុន្មាននាក់ ដែលនឹងទទួលរងនូវផ្លែដាវដ៏មុតស្រួច និងវត្ថុប្រយុទ្ធដ៏រឹងមាំដទៃទៀតនោះ ៕
ដោយ ៖ សាលី