នគរបាលភ្នំពេញ សហការជាមួយនគរបាលក្រុងប៉ោយប៉ែត ចាប់ចោរឆក់យ៉ាងសកម្មតាមដងផ្លូវ នៅរាជធានី
ប៉ោយប៉ែត ៖ នគរបាលរាជធានីភ្នំពេញ និងនគរបាលក្រុងប៉ោយប៉ែត សហការគ្នាចាប់បានហើយ ជាបន្តបន្ទាប់នូវជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ យ៉ាងសកម្មនៅរាជធានីភ្នំពេញ ។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី១១ នៅភ្នំពេញនិងនៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យដំបូងឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទី ។ ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា បក្ខពួកចំនួន០២នាក់ទៀត បានគេចខ្លួនទៅក្រុងប៉ោយប៉ែត ។ លុះដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ បន្ថែមទៀតមានឈ្មោះ ងើយ ចាន់ស៊ីថេត ហៅចាក់ ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ ថាច់ សុបញ្ញ៉ា ហៅ ញ៉ា ហៅ សីហា ភេទប្រុស អាយុ១៩ឆ្នាំ នៅចំណុចខាងមុខផ្ទះលេខ០៤ ផ្លូវលំ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់ កំពុងជិះម៉ូតូកង់បីនៅចំណុចមុខក្រុមហ៊ុន ហ្គោលវែលខាភីថល ផ្លូវ២១៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង១៦:០០នាទី ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕