លោកជំទាវ បាន ស្រីមុំ បង្ហាញពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ កន្លងមករបស់រដ្ឋបាលខេត្តប៉ៃលិន”
ភ្នំពេញ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ចូលរួមសន្និសិទ្ធសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តប៉ៃលិន” នៅឯទីស្ដីការគណៈរដ្ឋមន្រ្ដី រាជធានីភ្នំពេញ ។
សន្និសិទ្ធសារព័ត៌មាននេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញជាសាធារណៈ នូវយន្តការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យ ដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងសម្រេចបាន នូវសមិទ្ធផលជាវិជ្ជមាន ក្នុងកិច្ចរក្សាបាននូវការជឿទុកចិត្ត ចូលរួម និងគាំទ្រទាំងស្រុង លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។
រយៈពេល៥ឆ្នាំ ដែលខេត្តប៉ៃលិនសម្រេចបាន រួមមាន ៖ ១-ការងារគ្រប់គ្រងរដ្ឋបាលដែនដី ក្នុងនោះមាន ៖ ការអនុវត្តគម្រោងអភិវឌ្ឍរបស់ខេត្ត, ការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ, ការងារគ្រប់គ្រងរដ្ឋបាលដែនដី, ការងារគណៈបញ្ជាការឯកភាពរដ្ឋបាល និងការគ្រប់គ្រងប្រើប្រាស់ដីធ្លី ។
២-ការងារផ្នែកសេដ្ឋកិច្ច ក្នុងនោះមាន ៖ ១-វិស័យកសិកម្ម, វិស័យពាណិជ្ជកម្ម, វិស័យធនធានទឹក, វិស័យសាធារណៈការ, វិស័យអភិវឌ្ឍជនបទ និងវិស័យទេសចរណ៍ ។ ៣-ការងារផ្នែកសង្គម ក្នុងនោះមាន ៖ វិស័យគាំពារសង្គម, វិស័យសុខាភិបាល, វិស័យអប់រំយុវជននិងកីឡា ។ ៤-ការងារផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ក្នុងនោះមាន ៖ ការការពារខ្សែរបន្ទាត់ព្រំដែន, សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, កិច្ចសហប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបទល្មើស, ការបង្ក្រាបគ្រឿងញៀន, ការបង្ក្រាបបទល្មើសជួញដូរមនុស្ស ៕