រដ្ឋបាលខេត្តកំពង់ស្ពឺប្រជុំរៀបចំរចនាសម្ពន្ធ័រដ្ឋបាល សម្រាប់ត្រៀមដាក់ឱ្យដំណើការ រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ និងរដ្ឋបាលស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំរៀបចំរចនាសម្ពន្ធ័រដ្ឋបាលសម្រាប់ត្រៀមដាក់ឱ្យដំណើរការរដ្ឋបាលក្រុងឧដុង្គម៉ែជ័យនិងរដ្ឋបាលស្រុកសាមគ្គីមុនីជ័យ ក្រោយរាជរដ្ឋាបាលសម្រេចបំបែកស្រុកឧដុង្គជាពីរ។
លោក វ៉ី សំណាង បានលើកឡើងថាផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ជាពិសេស ការរីកចម្រើនផ្នែកសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបំបែកស្រុកឧដុង្គ ដោយបង្កើត ជាក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ ដោយក្នុងនោះក្រុងឧដុង្គម៉ែជ័យ មានសង្កាត់ចំនួន ៥ គឺ សង្កាត់វាំងចាស់ សង្កាត់វាលពង់ សង្កាត់ត្រាចទង សង្កាត់ព្រះស្រែ និងសង្កាត់ក្សេមក្សាន្ត ហើយស្រុកសាមគ្គីមុនីជ័យមានឃុំចំនួន ១០ គឺ ឃុំចាន់សែន ឃុំជើងរាស់ ឃុំជំពូព្រឹក្ស ឃុំក្រាំងចេក ឃុំមានជ័យ ឃុំព្រៃក្រសាំង ឃុំយុទ្ធសាមគ្គី ឃុំដំណាក់រាំង ឃុំពាំងល្វា និងឃុំភ្នំតូច។ទន្ទឹមនិងមានការបំបែកស្រុកឧដុង្គជាពីរ រដ្ឋបាលខេត្តក៏បានកំណត់ចំនួនគណៈអភិបាលក្រុងនិងស្រុកផងដែរដោយក្នុងនោះអភិបាលក្រុងស្រុកនីមួយៗគឺ មានចំនួន៧រូប។
នៅក្នុងកិច្ចប្រជុំរៀបចំរចនាសម្ពន្ធ័រដ្ឋបាល សម្រាប់ត្រៀមដាក់ឱ្យដំណើការ រដ្ឋបាលក្រុងស្រុកថ្មីនោះ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានលើកឡើងផងដែរថាគណបញ្ជាការឯកភាពខេត្តបានធ្វើការវាយតម្លៃសមត្ថភាព វិជ្ជាជីវៈ ក្នុងការតែងតាំង អភិបាលក្រុង និងស្រុក រួមទាំងអភិបាលរងរួចរាល់ហើយ ដែលជាក្បាលម៉ាស៊ីនដឹកនាំដើម្បីជាមូលដ្ឋានបញ្ចូលជាបេក្ខភាពក្នុងការបង្កើតគណៈកម្មការរៀបចំរចនាសម្ព័ន្ធរដ្ឋបាល ត្រៀមដាក់ឱ្យដំណើការរដ្ឋបាលក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យនាពេលខាងមុខ។
ជាមួយនិងការត្រៀមលក្ខណៈដើម្បីដាក់ដំណើរការក្រុងស្រុកថ្មីទាំងពីរនេះដែរលោក វ៉ី សំណាង បានធ្វើការណែនាំដល់គណបញ្ជាការឯកភាពខេត្តត្រូវត្រៀមលក្ខណៈក្នុងការរៀបចំទីតាំងរដ្ឋបាលសម្រាប់បំពេញការងារ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងរៀបចំបុគ្គលិក ចាប់ពីនាយករដ្ឋបាលក្រុង ស្រុកចុះ ដោយពិនិត្យមើលអំពីស្ថានភាពមន្ត្រីរាជការស្ថិតក្នុងរចនាសម្ព័ន្ធដែលមានស្រាប់ ដើម្បីរៀបចំរចនាសម្ព័ន្ធ ទាំង ១៣ការិយាល័យ ឱ្យបានសមស្របនៅក្រុង និង ស្រុក។ ហើយក្នុងករណីដែលខ្វះមន្ត្រី គឺត្រូវពិនិត្យបញ្ជូននិងរើសមន្ត្រីពីមន្ទីរ អង្គភាពពាក់ពន្ធ័នានាក្នុងក្របខណ្ឌខេត្ត។មួយវិញទៀតត្រូវផ្តល់ឱកាសដល់ស្ត្រីឱ្យបានច្រើនដើម្បីលើកកម្ពស់យែនឌ័រ។