សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា០១ខ្នង ២ជាន់ស្មើ១២បន្ទប់និងសមិទ្ធផលនានា នៃសាលាបឋមសិក្សានិតព្រិល ស្ថិតក្នុងស្រុកបាណន់
ខេត្តបាត់ដំបង! នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា០១ខ្នង កម្ពស់២ជាន់ស្មើ១២បន្ទប់ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សានិតព្រិល ស្ថិតនៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
លោក ស្រេង សុខា អភិបាលស្រុកបាណន់ បានគូសបញ្ជាក់ថា អគារសិក្សា និងសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សានិតព្រិល ស្ថិតនៅភូមិគរ ឃុំស្នឹង ដែលបានសម្ពោធឱ្យប្រើប្រាស់នាពេលនេះ បានចំណាយថវិកាសរុបចំនួន ២១៤,០៨០ដុល្លាអាមេរិក ដែលថវិកាចំណាយនេះបានមកពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់ក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងការចូលរួមបរិច្ចាគពីសប្បុរសជននានា។
អញ្ជើញមានប្រសាសន៍សំណះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបាត់ដំបង ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក ឃុំ ភូមិ កងកម្លាំងមានសមត្ថកិច្ចនានា លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ ក្មួយៗយុវជន និងក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលធ្វើឱ្យដំណើរការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីត្រៀមខ្លួនចូល រួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
សម្ដេចបានបន្ថែមថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ ដែលមានឯកឧត្តមសន្តិបណ្ឌិត សុខ ផល ជាប្រធានក្រុមការងារ និងឃុំស្នឹង ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មន្រ្ដីរាជការ អាជ្ញាធរ ស្រុក ឃុំ ភូមិ កងកម្លាំងមានសមត្ថកិច្ចនានា លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាជាច្រើន ដែលធ្វើឱ្យស្រុកបាណន់ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាក់ស្ដែងថ្ងៃនេះ បានរៀបចំពិធីកាត់ខ្សែបូរ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៃសាលាបឋមសិក្សានិតព្រិល នាពេលនេះ។
ជាមួយគ្នានេះសម្ដេចក្រឡាហោម ក៏បានអំពាវនាវប្រជាពលរដ្ឋត្រូវបន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែង ដើម្បីបង្កបរិយាកាសអំណោយផលដល់ការកសាងជីវភាពគ្រួសារ ការកសាងអភិវឌ្ឍស្រុក ឃុំ ភូមិ និងប្រទេសជាតិយើងឱ្យកាន់តែមានការរីកចម្រើនជាបន្ថែមទៀត ព្រោះថា មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ ដូចនេះយើងត្រូវចេះ ស្រឡាញ់សន្តិភាព ថែរក្សាសន្តិភាព ការពារសន្តិភាព និងអរគុណសន្តិភាព។