ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ប្រគល់-ទទួលលិខិតផ្ទេរសិទ្ធិ និងកាតព្វកិច្ចក្នុងភូមិសាស្ត្រដែលបានកែសម្រួល ព្រំប្រទល់រវាងខេត្តទាំង២ 

បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នាសាលាខេត្តបាត់ដំបង បានធ្វើពិធីផ្ទេរសិទ្ធិ និងកាតព្វកិច្ចក្នុងភូមិសាស្ត្រ ដែលបានកែសម្រួលព្រំប្រទល់រដ្ឋបាល ពីរដ្ឋបាលខេត្តបាត់ដំបង ទៅរដ្ឋបាលខេត្តប៉ៃលិន ។

ពិធីនេះប្រព្រឹត្តទៅ ដោយខាងរដ្ខបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន ចំណែករដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូអភិបាលខេត្ត ។

យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវបានកែសម្រួលដូចខាងក្រោម ៖ កែសម្រួលព្រំប្រទល់រដ្ឋបាលរវាងក្រុងប៉ៃលិន ខេត្តប៉ៃលិន និងស្រុកសំឡូត ខេត្តបាត់ដំបង ដោយកាត់យកភូមិសាស្រ្តតំបន់ភ្នំដំបង នៃឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ៦.៦៨៥ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងសង្កែ ជាខ្សែព្រំប្រទល់រដ្ឋបាល ។ កែសម្រួលព្រំប្រទល់រដ្ឋបាលរវាងស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងស្រុកកំរៀង ខេត្តបាត់ដំបង ដោយកាត់យកភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង នៃឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ១.៣៧៦ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងកាត់យកភូមិកំពង់ចម្លងក្រោមនៃឃុំតាក្រីស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ៣.៦១៨ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងមង្គលបូរី ជាខ្សែព្រំប្រទល់រដ្ឋបាល ។

សូមរំលឹកថា សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបញ្ជាក់ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង៦ពាន់នាក់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ថា បញ្ហាការកែរសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិននេះ អាជ្ញាធរខេត្តទាំង ២ បានដោះស្រាយតាំងពីឆ្នាំ ១៩៩៦ រហូតមកដល់បច្ចុប្បន្នមានរយៈពេលជិត ៣០ ឆ្នាំទៅហើយ ប៉ុន្ដែបែរជាមិនទាន់ដោះស្រាយបានរួចរាល់ទៅវិញ ដូច្នេះសម្តេចបានទុកពេលចំនួន ២សប្ដាហ៍ ឱ្យអភិបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង ត្រូវដោះស្រាយឱ្យបានរួចរាល់នូវបញ្ហាព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំង២ ដើម្បីផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងកម្មសិទ្ធិដីធ្លី និងការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ ៕

CATEGORIES
Share This