មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ នាំយក របាំត្រុដិ ចុះសម្តែងតាមមន្ទីរ អង្គភាព ជុំវិញខេត្តបាត់ដំបង ដើម្បីបណ្តេញឧបទ្រពចង្រៃ
បាត់ដំបង ៖ រដូវចូលឆ្នាំកាន់តែខិតជិតមកដល់ ដើម្បីបណ្តេញឧបទ្រពចង្រៃ ជំងឺអ៊ុតត្បាតនានា ពីឆ្នាំចាស់អោយស្រឡះចេញទៅ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបង បាននាំយករបាំប្រជាប្រិយមួយ (របាំត្រុដិ) មកសម្តែងជូននៅតាមមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងសូមទេវតាឆ្នាំថ្មីប្រសិទ្ធិពរជ័យ សូមអោយលោក លោកស្រី ប្រកបទៅដោយសេចក្តីសុខ សេចក្តីចំរើន ។
តាមការបញ្ជាក់ពីមន្ទីរវប្បធម៌និងវិចិត្រសិល្ប: របាំត្រុដិគឺជា របាំប្រជាប្រិយខ្មែរមួយប្រភេទដែលគេតែងតែប្រគុំនូវរដូវចូលឆ្នាំថ្មី ហើយរបាំនេះគឺគេសម្ដែងឡើងដើម្បីប្រសិទ្ធនូវសព្ទសាធុការពរជូនដល់ពលរដ្ឋក្មេងចាស់ ប្រុសស្រី នៅពេលចូលឆ្នាំថ្មី និងបណ្ដេញឧបទ្រពចង្រៃដែលកើតមានឡើងកាលពីឆ្នាំចាស់មកនេះ ឲ្យវិនាសចេញ និងនាំមង្គលល្អជំនួសមកវិញ ហើយរបាំត្រុដិនេះ ជារបាំប្រជាប្រិយមួយបែបដែលសព្វថ្ងៃនេះគេឃើញមាននៅតែក្នុងខេត្តសៀមរាប ហើយជួនកាលគេឃើញនៅខេត្តបាត់ដំបងខ្លះដែរត្រង់ភូមិភាគណាដែលនៅជាប់នឹងខេត្តសៀមរាបនោះឯង ។
ចំពោះប្រដាប់ប្រដាដែលត្រូវលេងនៅក្នុងពិធីនេះ តាមធម្មតាវង់របាំត្រុដិ មានក្រុមតូចក្រុមធំយោងទៅតាមការនិយមរបស់អ្នកស្រុក និងនិយមតាមចំនួនមនុស្សដែលស្ម័គ្រចិត្តចូលលេង ចំណែកប្រដាប់ប្រដាដែលត្រូវយកមកលេងក្នុងពិធីនេះមានដូចជា កញ្ឆា ចង្ក្រង់ដំបែ ចង្ក្រង់រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូចជាដើម ហើយចំពោះគ្រឿងតុបតែងវិញមានដូចជា មុខត្លុក មកុដ ស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក និងក្រចក ចំណែកតួសម្តែង គឺមានក្រុមអ្នកពាក់មុខ ឬ ពាក់ស្នែង ក្រុមតួរាំ និងក្រុមតួបន្ទាប់បន្សំដទៃទៀត ។
ក្រោយពេលដែលសម្តែងចប់ម្តងៗ ក្រុមរបាំត្រូវច្រៀងជម្រាបលាម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះក៏បានយកទឹកមកប្រោះព្រំជូនពរដល់ក្រុមរបាំទាំងអស់នោះវិញដែរ ប៉ុន្តែបើយើងមិនធ្វើតាមរបៀបនេះទេគឺជាប្រការខុសឆ្គងមួយដែលគេមានជំនឿថាក្នុងឆ្នាំខាងមុខអ្នកនោះនឹងមិនទទួលបានសិរីសួស្តីឡើយ ៕
ដោយ ៖ សាលី