រដ្ឋបាលព្រៃឈើ ចាប់ខ្លូនប្រធានសហគមន៍ការពារព្រៃឈើម្នាក់ និងអនុភូមិម្នាក់ ក្នុងករណីកាប់ទន្រ្ទានដីព្រៃឈើ នៅស្រុកស្វាយលើ
សៀមរាប ៖ ប្រធានគណៈកម្មការ គ្រប់គ្រងសហគមន៍ព្រៃឈើ ភូមិត្រពាំងពពេល និងឈ្មោះ សរ ឈាន ជាអនុភូមិភូមិត្រពាំងពពេល ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប ឃាត់ខ្លូនក្នុងករណី កាប់រលំដើមឈើ និងការទន្ទ្រានដីព្រៃឈើ នៅភូមិសាស្ត្រភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។
តាមការអោយដឹងពីលោក មែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានសារព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះថា ក្រោយទទួលព័ត៌មាន ពីការកាប់រលំដើមឈើ និងការទន្ទ្រានដីព្រៃឈើ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដឹកនាំដោយលោក ប្រាក់ ម៉ារីណា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ និងដោយមានការចូលរួម ពីមន្ត្រីរដ្ឋបាលព្រៃឈើ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការស៊ើបអង្កេតដោយពិនិត្យជាក់ស្ដែងទីតាំងបទ ល្មើសព្រៃឈើ និងបានជួបប្រជុំជាមួយប្រជាពលរដ្ឋ ជាសមាជិកសហគមន៍ព្រៃឈើភូមិត្រពាំងពពេល ទទួលបានលទ្ឋផល ដូចខាងក្រោម ៖ ១.ទីតាំងប្រព្រឹត្តបទល្មើស នៅភូមិសាស្ត្រភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ដោយបទ ល្មើសប្រព្រឹត្តឡើងក្នុងដែនព្រៃសហគមន៍ និងតំបន់ទ្រនាប់ព្រៃសហគមន៍ ។ បទល្មើសព្រៃឈើនេះ កើតឡើងតាំងពីថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២៣ ផ្តើមឡើងដោយការកសាងផ្លូវដីមួយខ្សែ ប្រវែង៥គីឡូម៉ែត្រ តាមព្រំប្រទល់ព្រៃសហគមន៍ ។ អ្នកផ្ដើមកសាងផ្លូវ និងមេក្លោងប្រព្រឹត្តបទល្មើស មានឈ្មោះ ទិត សុខាក់ ជាប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ភូមិត្រពាំងពពេល និង ឈ្មោះ សរ ឈាន ជាអនុភូមិភូមិត្រពាំងពពេល ។
ដោយឡែក ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប លោក ទា គឹមសុទ្ធ បានឲ្យដឹងដែលថា សហគមន៍ព្រៃឈើភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ត្រូវបានបង្កើតឡើងនាឆ្នាំ ២០១៣ មានផ្ទៃដី ១១៣៦ហិកតា ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចេញប្រកាសទទួលស្គាល់ជាផ្លូវការនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ។ ប៉ុន្តែដោយឃើញសក្តានុពលព្រៃឈើ ជាប់តំបន់ព្រៃសហគមន៍ មានលក្ខណៈល្អប្រសើរ រដ្ឋបាលព្រៃឈើ និងសមាជិកសហគមន៍ព្រៃឈើ បានឯកភាពគ្នាពង្រីកផ្ទៃដី ជាតំបន់ទ្រនាប់ព្រៃសហគមន៍ ទំហំ១៣២ហិកតាបន្ថែមទៀត ដោយបោះបង្គោលព្រំប្រទល់ និងដាក់ស្លាកសញ្ញាតាមព្រំប្រទល់ផ្ទៃដីដែលបានពង្រីក ។ បទល្មើសកាប់រលំដើមឈើ ភាគច្រើនកើតនៅតំបន់ទ្រនាប់ព្រៃសហគមន៍ ទំហំ១៣២ហិកតា ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់តុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕