ឯកឧត្តម សុខ លូ ជម្រុញអោយអភិបាលក្រុង ពិនិត្យលើការងាររៀបចំសណ្តាប់ធ្នាប់ អោយដូចភ្លៀងរលឹម ដោយមិនមានការដកថយ
បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា គ្រប់សង្កាត់ទាំងអស់យើង ចាប់ផ្ដើមរៀបចំសណ្តាប់ធ្នាប់ ការលក់ដូរ ផ្លូវដើរ អោយបានច្បាស់លាស់ ដូច្នេះសូមបងប្អូនចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរភូមិ ឃុំ សង្កាត់ ហើយលោកអភិបាលក្រុងត្រូវគិតគូរមើលធ្វើកិច្ចការនេះអោយដូចភ្លៀងរលឹម អត់មានដកថយទេ ។
ឯកឧត្តមមានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែកចំនួន០២ខ្សែ ដែលផ្លូវលេខ៤ក្រុង ចាប់ពីស្តុបពេទ្យពពីរ រហូតដល់រង្វង់មូលព្រះនរាយណ៍ ដែលមានប្រវែង ២.៦០០ម៉ែត្រ ទទឹង ១២ម៉ែត្រ និងកំណាត់ផ្លូវលេខ១៥៣ អតីតផ្លូវជាតិលេខ១០ ចាប់ពីស្តុបពេទ្យពពីរ រហូតដល់រង្វង់មូលនាងរំសាយសក់ ប្រវែង ១.៦៧៤ម៉ែត្រ ទទឹង ២០ម៉ែត្រ ដោយដាក់ប្រព័ន្ធលូរំដោះទឹកមុខកាត់ ១០០ ស្ថិតក្នុងក្រុងបាត់ដំបងផងដែរ ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ខេត្តបាត់ដំបងត្រូវបានចូលជាកណ្តាលទីក្រុងស្អាត ដូច្នេះចៅសង្កាត់ណែនាំធ្វើយ៉ាងម៉េចអោយបងប្អូនគោរព ដោយមិនត្រូវតសំយ៉ាប តតង់រញ៉េរញ៉ៃពេញផ្លូវ ពិសេសបញ្ហាសំរាម មិនត្រូវបោះចោលពាសវាលពាសកាល ដូច្នេះសូមពុកម៉ែបងប្អូនអធ្យាស្រ័យមានការយោគយល់ ហើយចូលរួមទាំងអស់គ្នា ពាក់ព័ន្ធសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ យើងត្រូវរួបរួមបន្តដំណើរជាមួយគ្នាធ្វើយ៉ាងម៉េចអោយខេត្តបាត់ដំបងយើងមានការរីកចម្រើនបន្តទៀត ៕
ដោយ ៖ សាលី