សម្តេចពិជ័យសេនា ទៀ បាញ់ បំពាក់ឋានន្តរស័ក្តិ ថ្នាក់នាយឧត្តមសេនីយ៍ ជូនដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញបំពាក់ឋានន្តរស័ក្តិ ថ្នាក់នាយឧត្តមសេនីយ៍ ជូនដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅទីស្តីការក្រសួងការពារជាតិ ។

ក្នុងពិធីនេះ សម្តេចពិជ័យសេនា ក៏បានបំពាក់ឋានន្តរស័ក្តិ ថ្នាក់នាយឧត្តមសេនីយ៍ ជូនលោកស្រី ដាំ ដារិនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកស្រី ម៉ាលី សុជាតា ថ្នាក់ឧត្តមសេនីយ៍ឯក អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិផងដែរ ។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ។

ដោយឡែក នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ប្រគល់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ជូនលោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និង ប្រគល់ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ជូនលោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ៕

CATEGORIES
Share This