ពលរដ្ឋស្នើសុំសម្ដេចតេជោ និងឯកឧត្ដម ជា សុផារ៉ា មេត្ដាវះកាត់សាច់ស្អុយលោក គឹម គាវិន ប្រធានមន្ទីរសុរិយោដីខេត្តឧត្តរមានជ័យ ហ៊ានរំលោភផ្លូវសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន

ឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋ១៣គ្រួសារ រស់នៅចំណុចផ្លូវចូលផ្ទះតាម៉ុក ភូមិអភិវឌ្ឃន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ​បានផ្ទុះការរិះគន់រឿងពុករលួយខ្លាំងៗ​លើ​លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តឧត្តរមានជ័យ ដែលឃុបឃិតគ្នាហ៊ានរំលោភផ្លូវសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន។

ប្រជាពលរដ្ឋចំនួន១៣គ្រួសារ បានលើកបដាដែលមានរូបថតលោក គឹម គាវិន ប្រធាន​មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តឧត្តរមានជ័យ សរសេរថា «សូមសម្ដេចពុក សម្ដេចម៉ែ និងឯកឧត្តម ជា សុផារ៉ា មេត្ដាវះកាត់សាច់ស្អុយលើមន្ដ្រីនេះផង ហ៊ានរំលោភផ្លូវ​សាធារណៈរដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន ​ថែមទាំងយកដីបឹងតាម៉ុកធ្វើជាកម្មសិទ្ធិខ្លួនឯង ដែលមានក្បាលដីលេខ៨៥៥។

ករណីខាងលើនេះដែរ ប្រជាពលរដ្ឋ​បាន​សរសេរជា​ពាក្យស្លោក និងបដាភ្ជាប់​ និងរូបភាពលោក គឹម គាវិន និងឯកសារពាក់ព័ន្ធមួយចំនួន ដាក់ចងដង្ហែរជាប់និងខ្សែរាប់រយសន្លឹក។ ​ដោយនៅ​ក្នុងបដា​នោះ​ ពួកគាត់ បានសរសេរថា លោក គឹម គាវិន ជាប្រធានមន្ទីរសុរិយោដី និង​សំណង់​ខេត្ដឧត្ដរមានជ័យ ​ជា​មន្ត្រីពុក​រលួយ​ដែល​ហ៊ានចេញបណ្ណប្រព័ន្ធឱ្យ​ទៅបុគ្គលឈ្មោះ លី ដាលីន ដែល​រំលោភលើដីលំនៅដ្ឋានរបស់ពួកគាត់ចំនួន​ ១៣គ្រួសារ និងរំលោភយកផ្លូវ​សាធារណៈរបស់​រដ្ឋ​នៅចំណុចចូលតាមផ្ទះតាម៉ុក​ និងធ្វើបណ្ណកម្មសិទ្ធិយកដីបឹងតាម៉ុក​ធ្វើជា​កម្មសិទ្ធិរបស់ខ្លួន​ឯង​ផងដែរ ដែលមានលេខក្បាលដី ៨៥៥ រួមទាំង​មន្ដ្រីដែលបម្រើការងារ​ក្នុង​សាលាខេត្ដឧត្ដរមានជ័យ ចំនួន១០នា​ក់​ រួមមាន៖

ទី១ ៖ ឈ្មោះ លៀម សុដា អតីតអភិបាលរងខេត្ដឧត្ដរមានជ័យ ក្បាលដីលេខ៨៥៣ ទំហំ ៤៩០ម៉ែត្រការេ។

ទី២ ៖ ឈ្មោះ លឹម សុខតូ អភិបាលរងខេត្ដឧត្ដរមានជ័យ ប្រពន្ធឈ្មោះ វើង ផាន់ណា ក្បាលដីលេខ៨៥៤ មានទំហំ ៤៣២ម៉ែត្រការេ។

ទី៣ ៖ ឈ្មោះ គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីខេត្ដឧត្ដរមានជ័យ ប្រពន្ធឈ្មោះ ស៊ុន សោភ័ណ ក្បាលដីលេខ ៨៥៥ ទំហំ ១៩៧១ម៉ែត្រ.ការេ។

ទី៤ ៖ លោក ស៊ិន ផេង ប្រពន្ធ ឈ្មោះ ព្រំ អៃ លេខក្បាលដី ៨៥៨ ទំហំ ១៩៧០ម៉ែត្រ.ការេ។

ទី៥ ៖ ឈ្មោះ ណៃ យ៉ន ស្លាប់ ប្រពន្ធ ឈ្មោះ គិត សុផល ក្បាលដី ៨៥៩ ទំហំ ៣៥៩ម៉ែត្រការេ។

ទី៦ ៖ ឈ្មោះ ខែម វាសនា ប្រពន្ធឈ្មោះ ម៉ិល លក្ខិណា ក្បាលដីលេខ ៨៦០ ទំហំ ១៨៨ម៉ែត្រការេ។

ទី៧ ៖ ឈ្មោះ ហោ សំអាត ស្លាប់ ប្រពន្ធឈ្មោះ ណុប ស៊ីមុន្នី ក្បាលដីលេខ ៨៦១ ទំហំ ៥៥៤ម៉ែត្រការេ។

ទី៨ ៖ ឈ្មោះ សេង សុង ប្រពន្ធឈ្មោះ គឹម វឿន ក្បាលដីលេខ ៨៦៧ ទំហំ ២៧៤ម៉ែត្រការេ។

ទី៩ ៖ ឈ្មោះ មុំ ម៉ុន ប្រពន្ធឈ្មោះ វ៉ា សុខា ក្បាលដីលេខ ៨៦៩ ទំហំ ១៩៤ម៉ែត្រការេ។

ទី១០ ៖ ឈ្មោះ ម៉ិល កំរុន ប្រពន្ធឈ្មោះ សៀន លីហ្សា ក្បាលដីលេខ ៨៧០ ទំហំ ១៩១ម៉ែត្រការេ។

ចំពោះករណីនេះ​ឈ្មោះ គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីខេត្ដឧត្ដរមានជ័យ មិនអាចសុំការបំភ្លឺបាននោះទេ រាល់ការចោទប្រកាន់ពីប្រជាពលរដ្ឋ​ខាងលើ ។

សូមបញ្ជាក់ថា ចំពោះករណីនេះ ​ក៏​មានការង្ហោះតាមប្រព័ន្ធបណ្តាញ​សង្គមហ្វេសបុក​រៀបរាប់ពី​បញ្ហាប្រឈមផ្សេងៗ​ផងដែររបស់ប្រជាពលរដ្ឋ ​ដើម្បី​ស្នើសុំឲ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរខេត្តឧត្តរមានជ័យ៕

      

CATEGORIES
Share This