ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋ ជិត១០០ខ្នង ព្រមទាំងដើមឈើ និងម៉ូតូផងដែរ

បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រ ក្រុងនិងស្រុកមួយចំនួននៃខេត្តបាត់ដំបង មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ៩៩ខ្នង ដើមឈើជាច្រើនដើមបានដួលរលំ និងសង្កត់ខូចខាតម៉ូតូ០១គ្រឿងផងដែរ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតវដោយខ្យល់កន្ត្រាក់ខាងលើ ក្នុងនោះមាន សង្កាត់ស្លាកែត ,សង្កាត់អូរចារ ,សង្កាត់រតនៈ ,សង្កាត់ព្រែកព្រះស្ដេច ,សង្កាត់ចំការសំរោង ,សង្កាត់អូរម៉ាល់ ,សង្កាត់ស្វាយប៉ោ ,សង្កាត់វត្តគរ និងសង្កាត់ក្តុលដូនទាវ និងបាក់ដើមឈើជាច្រើនដើម ព្រមទាំងបានសង្កត់លើម៉ូតូខូចខាត ចំនួន០១គ្រឿងផងដែរ ។

ដោយឡែកនៅស្រុកសង្កែ បណ្តាលអោយខូចខាតអស់ចំនួន១២ខ្នង ក្នុងនោះឃុំកំពង់ព្រះ០២ខ្នង , ឃុំនរា០១ខ្នង , ឃុំអូរដំបង១ចំនួន ០២ខ្នង និងឃុំអូរដំបង២ ចំនួន០៧ខ្នង និងស្រុកឯកភ្នំខូចខាតសរុប ១៥ខ្នង ប៉ុន្តែករណីខាងលើនេះមិនបណ្តាលអោយមានគ្រោះថ្នាក់ប៉ះពាល់ដល់ជីវិតមនុស្សឬសត្វឡើយ ។

ជាមួយគ្រោះធម្មជាតិខាងលើនេះដែរ ក្រោយពីមេឃភ្លៀង ខាងអាជ្ញាធរក៏ដូចជាសមត្ថកិច្ចនៅមូលដ្ឋាន បានចុះទៅពិនិត្យ ដើម្បីស្រង់ធ្វើរបាយការណ៍នៃការខូចខាតរាយការណ៍ជូនថ្នាក់លើ ដើម្បីចុះផ្តល់ជំនួយបឋមជូនដល់គ្រួសាររងគ្រោះ ៕

ដោយ ៖ សាលី

CATEGORIES
Share This