ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រងការខូចខាតដោយខ្យល់កន្ត្រាក់ នៅស្រុកពីរផ្សេងគ្នា នៃខេត្តបាត់ដំបង
បាត់ដំបង ៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានអោយដឹងថា កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ ខេត្តបាត់ដំបង មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បានបក់បោកគ្រប់ដណ្តប់ទៅលើភូមិសាស្ត្រជាច្រើន ដែលក្នុងមានស្រុកចំនួន០២ បានរងផលប៉ះពាល់ធ្វើអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣១ខ្នង និងមណ្ឌលធ្វើចត្តាឡីស័ក០១កន្លែងផងដែរ ។
របាយការណ៍ ដដែលបានបញ្ជាក់ថា ក្នុងចំណោមផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត ដោយខ្យល់កន្ត្រាក់ទាំង៣១ខ្នងខាងលើ ក្នុងនោះមាន ៖ ស្រុកសំពៅលូន រងការខូចខាតសរុបចំនួន ០៥ខ្នង និងមណ្ឌលចត្តាឡីស័ក ០១កន្លែង ។ ស្រុកសំឡូត ចំនួន២៦ខ្នង តែករណីខាងលើនេះ មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្នុងករណីគ្រោះធម្មជាតិនេះ អាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញ បាននិងកំពុងពន្លឿនក្នុងការចុះជួយ រៀបចំ និងធ្វើរបាយការណ៍រាយការណ៍ជូនដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជា ដើម្បីនាំយកជំនួយបឋម ផ្តល់ជូនដល់គ្រួសារជនរងគ្រោះផងដែរ ៕
ដោយ ៖ សាលី