ពីរនាក់ប្តីប្រពន្ធ ដេកស្លាប់ក្នុងផ្ទះ រហូតហើមស្អុយ ដោយមិនដឹងមូលហេតុ

បាត់ដំបង ៖ មនុស្សរាប់រយនាក់ បានមកចោមរោមមើលក្រោយមានការភ្ញាក់ផ្អើល ឃើញប្តីប្រពន្ធវ័យចំណាស់ពីរនាក់ ដេកស្លាប់នៅក្នុងផ្ទះ រហូតហើមស្អុយដោយមិនដឹងមូលហេតុ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចទីតាំងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលសាកសពជាប្តីឈ្មោះ សូ សំអឿន អាយុ ៧៦ឆ្នាំ និងប្រពន្ធឈ្មោះ អិត លឿន អាយុ៦៦ឆ្នាំ ។

បើតាមការបញ្ជាក់ពីកូនស្រីរបស់សព ឈ្មោះ ចាន់ ធូ អាយុ៤២ឆ្នាំ បានអោយដឹងថា ចាប់តាំងពីអំឡុងចូលឆ្នាំហើយ ពួកគាត់ជាកូនៗ មិនសូវដែលបានមកលេងផ្ទះឪពុកម្តាយទេ ដោយរវល់ការងាររកស៊ីរៀងខ្លួន ហើយគាត់នៅតែពីរនាក់ប្តីប្រពន្ធ ដោយប្តីមើលថែប្រពន្ធដែលមានជំងឺរ៉ាំរ៉ៃដេកនៅលើគ្រែ ។

ប្រភពដដែលបានបន្តថា នៅមុនថ្ងៃកើតហេតុប៉ុន្មានថ្ងៃ ខ្លួនបានទូរស័ព្ទមកឪពុកម្តាយដែរ តែទាក់ទងមិនបាន ក៏ហីៗទៅ លុះដល់ព្រឹកថ្ងៃកើតហេតុ ប្អូនប្រុសរបស់ខ្លួនបានមកមើល ក៏ប្រទះឃើញពួកគាត់ដេកស្លាប់ទាំងពីរនាក់ ក្នុងសភាពហើមស្អុយទៅហើយ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានចុះទៅពិនិត្យកោសល្យវិច័យ និងបានសន្និដ្ឋានថា សាកសពជាប្តី ស្លាប់ដោយសារគាំងបេះដូង ចំណែកប្រពន្ធដោយសារគាត់មានជំងឺរ៉ាំរ៉ៃដេកកន្ទេល ដើរទៅណាមិនរួច ដោយប្តីស្លាប់មុន គួបផ្សំជាមួយអាកាសធាតុក្តៅផងនោះ ប្រពន្ធក៏ស្លាប់ទៅតាមក្រោយ ដោយដាច់អាហារ និងទឹក ៕

ដោយ ៖ សាលី

CATEGORIES
Share This