ឃាត់ខ្លួនយុវជន០៨នាក់ ក្នុងករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា នូវទ្រព្យសម្បត្តិអ្នកដទៃ

បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនយុវជនចំនួន០៨នាក់ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា នូវទ្រព្យសម្បត្តិអ្នកដទៃ ។

លោកវរសេនី​យ៍ទោ សំ វីរះ អ​ធិការនគរបាលស្រុកបាណន់ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី៧​ខែឧសភា ឆ្នាំ២០២៣ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចបានធ្វើការនាំខ្លួនយុវជនចំនួន០៨រួមមាន ៖ ១-ឈ្មោះ អ៊ុំ វ៉ាន់សុង ភេទប្រុស អាយុ​១៩ឆ្នាំ, ២-ឈ្មោះ សម្បត្តិ រស្មី ភេទប្រុស, ៣-ឈ្មោះ ភក្តី តុង ភេទប្រុស, ៤-ឈ្មោះ សុង ស៊ីម៉ា ភេទប្រុស អាយុ ១៥ឆ្នាំ, ៥-ឈ្មោះ ណាគ្រី បញ្ញា ហៅ ញ៉ា ភេទប្រុស, ៦-ឈ្មោះ ហឿន លីហៀង ភេទប្រុស, ៧-ឈ្មោះ វុត្ថា ឆៃយ៉ា ហៅ ដេះ ភេទប្រុស, ៨-ឈ្មោះ វុធ ចំរើន ហៅ តេះ ភេទប្រុស ទាំងអស់គ្នារស់នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

លោកអធិការបានបញ្ជាក់ថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺ កាលកាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០​២៣ វេលាម៉ោងប្រមាណ០២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៣ មានករ​ណីហិង្សាដោយចេតនានៅចំណុចក្រុមទី០៦ ភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងបង្កដោយក្រុមយុវជនមួយក្រុមធ្វើ​សកម្មភាពដោយប្រេីប្រាស់កាំបិតដេញកាប់ទៅលើជនរង​គ្រោះ ដែលកំពុងជិះម៉ូតូតាមដងផ្លូវ បណ្តាលឱ្យរងរបួស០២នាក់ និងខូចខាតម៉ូតូផងដែរ ហើយក្រោយទទួលបានដំណឹងនេះភ្លាមសមត្ថកិច្ចនគរ​បា​លស្រុកបា​ណន់​ រួមគ្នាជាមួយសមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល ធ្វើការស្រាវជ្រាវ និងឈានទៅកំណត់​មុខសញ្ញា រហូតឃាត់ខ្លួនបាន ។

បន្ទាប់ពីឃាត់ខ្លួន យកមកសាកសួររួច យុវជនទាំង០៨នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរ​បាលស្រុករៀបចំសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់​ការ​បន្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This