ទំនាស់ពាក្យសម្ដីបន្តិចបន្តួច ស្ត្រីម្នាក់បានផឹកថ្នាំបាញ់ស្មៅ (អាឆេះ)​ សម្លាប់ខ្លួន

បាត់ដំបង ៖ ស្ត្រីម្នាក់ បានសម្រេចចិត្តគិតខ្លីធ្វើអត្តឃាត ដោយផឹកថ្នាំបាញ់ស្មៅ (អាឆេះ)​សម្លាប់ខ្លួនឯង ក្រោយមានទំនាស់ពាក្យសម្ដី ជាមួយប្ដីបន្តិចបន្តួច ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ២៤និង៤០នាទី​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច​ភូមិ​ពេជ្រ​ចិន្ដា​ ឃុំពេជ្រចិន្ដា​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង​  ដែលជនរងគ្រោះមានឈ្មោះ ណេន ចាន់ធឿន ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិ​ ឃុំ​កើតហេតុ​ខាងលើ ​។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើ បានឈ្លោះប្រកែកពាក្យសម្ដីគ្នាជាមួយនិងប្ដី លុះក្រោយមកក៏បានយកថ្នាំបាញ់ស្មៅ (អាឆេះ)​ មកផឹកសម្លាប់ខ្លួនឯងតែម្ដង បើទោះបីជាមានករអន្តរាគមន៍សង្គ្រោះ ពីក្រុមគ្រូពេទ្យយ៉ាងណាក្តី ប៉ុន្តែនៅមិនអាចសង្គ្រោះបានឡើយ ដោយសារឥទ្ធិពលថ្នាំជ្រាបចូលពេញខ្លួនអស់ទៅហើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យសាកសពរួចមក​​ ឃើញថា​ ជន​រង​គ្រោះ​ពិតជា​ផឹកថ្នាំបាញ់ស្មៅធ្វើអត្តឃាតសម្លាប់ខ្លួនឯង ពិតប្រាកដ​មែន បន្ទាប់មកក៏បាន​ប្រគល់សាកសព​​ជូន​សាច់ញាតិ​យកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

ដោយ ៖ សាលី

CATEGORIES
Share This