ពលរដ្ឋប្រទះឃើញ កាំភ្លើងAKបត់០១ដើម និងបង់ចំនួន០៤ នៅក្នុងស្រះមួយកន្លែង នៃស្រុកមោងឬស្សី

បាត់ដំបង ៖ កាំភ្លើងAKបត់០១ដើម និងបង់ចំនួន០៤ ត្រូវបានពលរដ្ឋអ្នកបង់សំណាញ់ប្រទះឃើញ នៅក្នុងស្រះទឹកមួយកន្លែង កាលពីវេលាម៉ោង ០៩និង០០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចខាងត្បូងភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា ប្រជាពលរដ្ឋឈ្មោះ សឿន សុវណ្ណា ភេទប្រុស អាយុ ២៨ឆ្នាំ.និងឈ្មោះ សឺន ឆៃឡេង ភេទប្រុស អាយុ ១១ឆ្នាំ ទាំងពីរនាក់រស់នៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ត្រូវជាបងប្អូនថ្លៃ) បាននាំគ្នាជិះម៉ូតូ ១គ្រឿងដឹកគ្នាទៅបង់ត្រីនៅស្រះ (មិនស្គាល់ម្ចាស់) មួយកន្លែងខាងត្បូងភូមិគរ ឃុំព្រៃស្វាយ ហើយបានបង់ចំនួន ០៣សំណាញ់ ក៏អូសបានជាប់អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ភ្លាមនោះក៏បានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយ ស្រុកមោងឫស្សី ។

ក្រោយទទួលបានដំណឹងភ្លាមសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យក៏ប្រទះឃើញកាំភ្លើង០១ដើម ម៉ាកAK47 (បត់) ផលិតនៅប្រទេសចិន និងបង់ចំនួន០៤ ដែលមានគ្រាប់ចំនួន ១០០គ្រាប់ រុំដោយកន្សែងពោះគោពណ៍ស ច្រកក្នុងថង់ប្លាស្ទិចពណ៍ស បន្ទាប់មករាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកំទេចចោល។

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកមោងឫស្សី អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ ៕
ដោយ ៖ សាលី

CATEGORIES
Share This