ឯកឧត្តម សុខ លូ ៖ សប្បុរសជន ដែលមានសទ្ធា បរិច្ចាគជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សូមអញ្ជើញទៅទីស្នាក់ការកាកបាទក្រហមខេត្ត
បាត់ដំបង ៖ ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម» ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបន្តសូមអំពាវនាវដល់ សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឬវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ។
ក្នុងនាមប្រធានគណ:កម្មាធិការសាខាកាកបាទកម្ពុជាខេត្ត ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាព បុគ្គលិកក្រុមហ៊ុនទាំងអស់ដែល បានឧបត្ថម្ភថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្នុងកាយវិកាដ៏មនុស្សធម៌នេះគឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាបានបន្តថា ចំពោះអំណោយទាំងនេះសាខាកាកបាទក្រហមកម្ពុជាខេត្តនឹងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លាទាំងនេះ ដើម្បីបម្រើការងារមនុស្សធម៌ ជួយដល់ប្រជា ពលរដ្ឋដែលជួបការលំបាក និងហានិភ័យដោយគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយ ណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ។
មូលនិធិដែលសាខាទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានបានជួយឱ្យសាខាមានធនធានអាចធ្វើប្រតិបត្តិការ មនុស្សធម៌របស់ខ្លួន ដោយពុំមាន ការរើសអើង សំដៅរួមចំណែកក្នុងការជួយសង្គ្រោះជីវិតមនុស្ស ការកសាងភាព ធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់គោលការណ៍គ្រឹះ នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា ។
ឯកឧត្តម សុខ លូ បន្តទៀតថា ពិធីទទួលថវិកាសប្បុរសធម៌អបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្នុងគោលដៅចលនាកៀងគរការចូលរួមគាំទ្រពីសប្បុរសជន គ្រប់មជ្ឈដ្ឋានក្នុងស្មារតីវប្បធម៌ចែករំលែកជាមូលដ្ឋានសម្រាប់សាខាបន្តនិរន្តរភាពក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។
ឯកឧត្ត បានថ្លែងអំណរព្រះគុណ និងសូមអរគុណជាអនេកកប្បការ ចំពោះព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅខេត្ត ដែលតែងតែបានស្ម័គ្រចិត្តបរិច្ចាគធនធាន ថវិកា ជួយគាំទ្រដល់សាខា កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងទោះបីជាយើងពុំបានធ្វើការប្រារព្ធពិធី អបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក៏ដោយ ៕
ដោយ ៖ សាលី