យោធាកម្ពុជា និងថៃ រួមគ្នាពិនិត្យមើលភូមិសាស្រ្ត តាមអូរបែងចែកព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត ប៉ោយប៉ែត និងស្រុកអារញ្ញ
បន្ទាយមានជ័យ ៖ យោធាកម្ពុជា នៃកងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានជួបប្រជុំពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកងកម្លាំងភាគីថៃដែលឈរជើងទល់មុខភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ថេបភីតាក់ នីមីត មេបញ្ជាការ កងពលធំលេខ២ រក្សាព្រះអង្គ កងកម្លាំងបូព៌ា ស្ថិតនៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ។
ជំនួបរវាងកងកម្លាំងទាំងពីរកម្ពុជា-ថៃ បានចុះពិនិត្យមើលភូមិសាស្រ្ត តាមមាត់អូរបែងចែកព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត ក្នុងប៉ោយប៉ែត និងបន្តយកចិត្តទុកដាក់សហប្រតិបត្តិការល្អ ទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងជួយគ្នាទៅវិញទៅមក ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ។
ភាគីទាំងពីរ បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាព ឲ្យកាន់តែរឹងមាំ និងបន្តកិច្ចសហប្រតិបត្តិការឲ្យបានល្អ រក្សាបាននូវចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា ។ ជាពិសេសភាគីថៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កងកម្លាំងភាគីកម្ពុជា ដែលប្រឹងប្រែងជួយសង្គ្រោះប្រជាជនថៃ គ្រោះថ្នាក់ដោយសារផ្ទុះមីន នៅក្នុងតំបន់ហាមឃាត់ ៕