ពលរដ្ឋរងគ្រោះ ដោយភ្លើងឆេះផ្ទះ ០១គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហម
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនលោកស្រី សំ រ៉ន អាយុ៣៣ឆ្នាំ មានបន្ទុក០៥នាក់ ស្ថិតនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលរងគ្រោះដោយ ភ្លើងឆេះផ្ទះ ។
លោកអភិបាលក្រុង បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរ និងក្នុងនាមជាគណៈអភិបាលក្រុង បន្ទាប់ពីបានដឹងពីហេតុការណ៍ភ្លើងឆេះផ្ទះខាងលើនេះ លោកបានដឹកនាំកម្លាំង ចុះអន្តរាគមន៍ជួយពន្លត់ទាំងយប់ ហើយនៅព្រឹកនេះដែរ លោកបានចុះមកពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាពិសេស ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយបានសម្តែងការសោកស្តាយ ក្តីអាណិតអាសូរជាមួយប្រជាពលរដ្ឋរងគ្រោះ ហើយបានចាត់ឱ្យលោកនិងសហការី រួមជាមួយអ្នកស្ម័គ្រចិត្តចុះសួរសុខទុក្ខ និងនាំយកអំណោយបឋមជួយសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា ។
ក្នុងឱកាសនោះដែរលោក បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យដោយមុនចាកចេញដំណើរទៅណា ត្រូវពិនិត្យមើលភ្លើងអគ្គិសនី ភ្លើងទៀន ធូប ចង្ក្រាន ឱ្យបានត្រឹមត្រូវ ដោយសារថាគ្រោះអគ្គិភ័យនេះ វាធ្វើឱ្យវិនាសទាំងផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដូច្នេះត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ។
ទន្ទឹមនឹងនេះ លោកអភិបាលក្រុងក៏បានពាំនាំនូវប្រសាសន៍របស់ ឯកឧត្តម សុខ លូ ផ្តាំផ្ញើលើកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវបន្តប្រកបរបរចិញ្ចឹមជីវិត ពង្រឹងស្មារតី និងកម្លាំង ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ព្រោះថាយើងនៅមានឱកាសជាច្រើនដោយសារតែយើងកំពុងរស់នៅក្នុងសុខសន្តិភាព ហើយជាពិសេស ត្រូវពង្រឹងលើកកម្ពស់ការថែរក្សាអនាម័យ បរិស្ថានរស់នៅជុំវិញខ្លួនឱ្យបានស្អាតល្អ បរិភោគទឹកឆ្អិន ដើម្បីជៀសវាងកើតមានជំងឺផ្សេងៗ ដែលនាំឱ្យខាតបង់ពេលវេលា ខាតបង់ថវិកាចំណាយក្នុងគ្រួសារ ។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនគ្រួសាររងគ្រោះរួមមាន ៖ តង់ ,អង្ករ ,មី ,ត្រីខ , ទឹកត្រី , ទឹកស៊ីអ៊ីវ , ទឹកសុទ្ធ និងថវិកាផងដែរ បើទោះបីជាតិចតួច តែជាទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ហើយជាបន្តសូមអោយចៅសង្កាត់រាយការណ៍ទៅក្រុមការងារដើម្បីបន្តជួយតាមលទ្ធភាព ៕
ដោយ ៖ សាលី