ម្ចាស់លំនៅឋានច្រើនគ្រួសារ ដាក់ពាក្យបណ្តឹងទៅតុលាការ ក្រោយក្រុមហ៊ុន ដាយមេនសិនស្ទូឌីយ៉ូ មិនគោរពតាមកិច្ចសន្យា និងបង្កការលំបាកដល់ម្ចាស់ផ្ទះ

បាត់ដំបង ៖ ម្ចាស់លំនៅឋានជាច្រើនគ្រួសារ ក្នុងក្រុងបាត់ដំបង បាននាំគ្នាដាក់ពាក្យបណ្តឹងចូលទៅតុលាការក្រោយក្រុមហ៊ុន ដាយមេនសិនស្ទូឌីយ៉ូ សាងសង់សំណង់ខុសលក្ខណ:បច្ចេកទេស បង្កការលំបាកដល់ម្ចាស់ផ្ទះ និងមិនគោរពតាមកិច្ចសន្យាដកលុយតាមដំណាក់កាល ។

អ្នកស្រី ជួន ស្រីនាង អាយុ២៩ឆ្នាំ ក្នុងចំណោមម្ចាស់សំណង់លំនៅឋានជាច្រើនគ្រួសារទៀតដែលមានទីលំនៅក្នុងក្រុងបាត់ដំបងបានលើកឡើងប្រហាក់ប្រហែលគ្នា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ថា÷ កន្លងមកថ្មីៗនេះអ្នកស្រីបានសម្រេចចូលដាក់ពាក្យបណ្តឹងទៅតុលាការរួចហើយដើម្បីឲ្យប្រព័ន្ធច្បាប់ជួយដោះស្រាយ ដោយហេតុថា ក្រុមហ៊ុន ដាយមេនសិនស្ទូឌីយ៉ូ ដែលមានលោក សែម សែនវិសិដ្ឋវាសនា ជាអ្នកតំណាងបានបង្កបញ្ហាលំបាកសាងសង់ខុសបច្ចេកទេស សាងសង់លើសពីប្លង់គំរូហើយទាយកថ្លៃឈ្នួលបន្ថែមថ្លៃហួសកម្រិត ហើយថែមទាំងមិនបានគោរពតាមកិច្ចសន្យាដកប្រាក់តាមដំណាក់កាលៗឡើយ ដោយសំណង់ផ្ទះវីឡារបស់អ្នកស្រីសាងសង់បានប្រមាណចន្លោះពី៥០ ទៅ៦០% សុំដកថ្លៃឈ្នួលប្រមាណជា៩០% នៃថ្លៃឈ្នួលសរុបចំនួន ៩៨០០០ដុល្លា ក្រោយមកក៏យកលេសថាខ្វះសម្ភារ: ខ្វះជាងក៏បាត់រហូតរាប់ខែមិនមកធ្វើផងដែរ ។

លោកស្រីបន្តថា ដោយសារខ្លួនជាមួយនឹងស្វាមីឃើញសភាពមិនសូវស្រួលក៏ផ្អាកឈប់ទំលាក់លុយឲ្យបន្តទៀត  ហើយការបិទផ្អាកឈប់ផ្តល់ប្រាក់បន្ថែមនេះបានធ្វើឲ្យម្ចាស់ក្រុមហ៊ុនបង្វែរទៅទាប្រាក់ថ្លៃសាងសង់ម៉ូតផ្ទះដែលសង់លើសពីគំរូដែលមាននៅក្នុងប្លង់ ប៉ុន្តែលោកស្រីក៏នៅតែមិនបានទំលាក់ប្រាក់បន្តទៀតឡើយពីព្រោះដោយសារយោងទៅតាមមនោសញ្ចេតនាលោកស្រីបើកប្រាក់ឲ្យច្រើនខុសពីកិច្ចសន្យាដែលបានព្រមព្រៀងរួមគ្នាកន្លងមក មិនត្រឹមតែប៉ុណ្ណោះលោក សែម សែនវិសិដ្ឋវាសនា បែរជាទៅប្តឹងសមត្ថកិច្ចឲ្យមកដកហូតយករថយន្តរបស់អ្នកស្រីកំពុងជិះទៅវិញតែលោកស្រីបានជំទាស់  ហើយថ្ងៃបន្ទាប់មកខាងលោកស្រីក៏បានដាក់បណ្តឹងទៅតុលាការវិញ ប៉ុន្តែរាល់ពេលតុលាការកោះហៅម្តងៗ បុគ្គល សែម សែនវិសិដ្ឋវាសនា មិនដែលបានចូលខ្លួននោះទេ ឃើញតែឪពុកដែលមានតួនាទីមន្ត្រីថ្នាក់ធំដែលមិនមានឈ្មោះនៅក្នុងក្រុមហ៊ុនចេញមុខជំនួសទៅវិញ ។

ចំណែកលោក ម៉ៅ មករា អាយុ៣៦ឆ្នាំ បានបញ្ជាក់ឲ្យដឹងដែរថា លោកក៏ជាជនរងគ្រោះមិនខុសពីបងប្អូនដទៃទៀតនៅក្នុងក្រុងបាត់ដំបងឡើយ លោកបានឲ្យក្រុមហ៊ុនម៉ៅការ ដាយមេនសិនស្ទូឌីយ៉ូ ខាងលើសាងសង់ផ្ទះបុរាណនៅភូមិពពាលខែ ស្រុកថ្មគោលបានប្រមាណត្រឹមតែ៨០% ដែលថ្លៃឈ្នួលសរុបចំនួន ១៩៦០០ដុល្លាដោយសាងសង់ខុសលក្ខណ:បច្ចេកទេស និងសំណង់របងផ្ទះក្នុងភូមិដំណាក់ហ្វួង ក្រុងបាត់ដំបងសាងសង់បានប្រមាណ៧០% នៃថ្លៃឈ្នួលសរុបចំនួន ២១២០០ដុល្លា ប្រាក់ឈ្នួលទាំងរបងផ្ទះ ទាំងផ្ទះបុរាណបានទូទាត់ឲ្យក្រុមហ៊ុនបានជាងពាក់កណ្តាលដែរហើយ រួចក៏ស្ងាត់មិនឃើញជាងមកកែតម្រូវ និងធ្វើបញ្ចប់គម្រោងឡើយលោករងចាំអស់រយ:ពេលជិត៣ឆ្នាំ ក៏សម្រេចចិត្តដាក់ក្រុមជាងថ្មីធ្វើជំនួស ។

ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ម្ចាស់លំនៅឋានខាងលើនេះដែរ ខាងអ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងទៅកាន់លោក សែម សែនវិសិដ្ឋវាសនា បានទេដើម្បីសុំការបំភ្លឺ ហើយលេខទូរស័ព្ទរបស់ក្រុមហ៊ុនក៏ទាក់ទងមិនបាន ៕

ដោយ ៖ សាលី

CATEGORIES
Share This