រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីអបអរសាទររុក្ខទិវា ៩ កក្កដា ២០២៣ ស្ថិតក្នុងស្រុកឯកភ្នំ

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីរុក្ខទិវា ៩កក្កដា ២០២៣ នៅចំណុចដីចំណីប្រឡាយ ស្ថិតក្នុងភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងថា រុក្ខទិវានេះត្រូវបានរៀបចំឡើងតាំងពីសម័យសង្គមរាស្រ្ដនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ហើយជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា តែងតែផ្ដល់ការគាំទ្រចំពោះថ្នាក់ដឹកនាំ មន្រ្ដីរាជការ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ចាត់តាំងឱ្យរាជធានី ខេត្ត រៀបចំពិធី រុក្ខទិវា នេះជារៀងរាល់ឆ្នាំផងដែរ ។

ឯកឧត្តមបានបន្តទៀតថា ក្នុងនោះក្រោមការចង្អុលបង្ហាញផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការដាំដើមឈើប្រណិត ដូចជាដើមបេង ដើមធ្នង់ និងដើមគ្រញូងជាដើម ដើម្បីទុកដល់កូនចៅជំនាន់ក្រោយឱ្យបានស្គាល់ប្រភេទដើមឈើប្រណិតៗដែលយើងមាន ហើយជាពិសេសគឺដើមឈើទាំងអស់នោះមានសភាពរឹងមាំជាងដើមឈើលំអរផ្សេងៗទៀត ។

ឯកឧត្តមបន្តថា ការបាត់បង់ព្រៃឈើ អាចបណ្ដាលអោយមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះ គ្រោះរាំងស្ងួត និងឡើងកំដៅភពផែនដី ហើយធ្វើអោយទីតម្កល់ទឹកនានា ដូចជា៖ ថ្លុក ត្រពាំង បឹង បួរ ព្រែក ស្ទឹង ទន្លេ ត្រូវរឹងស្ងួតគ្មានទឹកបំពេញតម្រូវការរបស់មនុស្ស សត្វ និងរុក្ខជាតិឡើយ ហើយចំពោះខេត្តយើងវិញ កន្លងមកក៏ធ្លាប់ ទទួលរងនូវសម្ពាធនៃគ្រោះធម្មជាតិនេះជាញឹកញាប់ផងដែរដូចជាខ្យល់កន្ត្រាក់ រាំងស្ងួត ទឹកជំនន់បណ្តាលមកពីការកាប់បំផ្លាញព្រៃឈើនេះហើយធ្វើឲ្យឈានទៅរកការបាត់បង់ព្រៃឈើ សត្វព្រៃ ធនធានមច្ឆាជាតិ គ្រប់ប្រភេទ ការធ្លាក់ចុះនៃគុណភាពដីកសិកម្មផងដែរ ។

ជាមួយគ្នានេះឯកឧត្តម សូមអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន កងកំលាំងប្រដាប់ អាវុធ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋយើងទាំងអស់មេត្តាយកចិត្តទុកដាក់ដាំដើមឈើគ្រប់ប្រភេទអោយបានច្រើនតាមដែលអាចធ្វើទៅបាន ក្នុងនោះក៏មានដើមត្នោតផងដែរ នៅតាមទីវត្តអារាម ទីសាធារណៈ និងរមណីយដ្ឋាន តាមដងផ្លូវ តាមលំនៅដ្ឋាន តាមភ្លឺស្រែ និងតាមដីចំការ ដើម្បីបានជារបាំងការពារផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្ស សត្វ និងបង្កើននូវជីជាតិដីកសិកម្ម ស្រូបឧស្ម័នកាបូនិច និងជួយទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ  និងសូមបងប្អូនជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ កាប់រាន ដុត ឈូសឆាយដីព្រៃឈើ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ហើយចូលរួមថែរក្សាការពារព្រៃឈើ ជាពិសេសជួយ ការពារទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងតំបន់ដែលបងប្អូនរស់នៅ ដើម្បីរក្សាការពារឲ្យបាននូវធនធានព្រៃឈើសម្រាប់ កូនចៅរបស់យើងជំនាន់នេះ និងជំនាន់ក្រោយៗទៀត ៕
ដោយ ៖ សាលី

CATEGORIES
Share This