ជម្លោះពាក្យសម្តី បុរសជាប្តីយកដំបងឬស្សី វាយប្រពន្ធរហូតស្លាប់ ចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន
បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ចាប់ខ្លួនភ្លាមៗក្រោយស្រវឹងស្រា យកដំបងឬស្សីវាយទៅលើប្រពន្ធជាច្រើនដំបង រហូតអោយស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកេីតហេតុគេឃើញជនរងគ្រោះជាប្រពន្ធ បានអង្គុយផឹកស្រាជាមួយប្តី អស់ពីរលីត្របន្ទាប់មក ក៏បង្កជម្លោះជាមួយគ្នា រហូតប្តីយកដំបងឫស្សី វាយទៅលើប្រពន្ធចំនួន៣០ដំបង បណ្ដាលឱ្យរបួសពេញដងខ្លួន និងបែកសាច់ស្មងជើងទាំងសងខាង និងស្លាប់ភា្លមៗ នៅកន្លែងកេីតហេតុតែម្ដង ។
សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួន មានឈ្មោះ ជា សុភាព ភេទប្រុស អាយុ៣១ឆ្នាំជាប្ដី រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះឈ្មោះ ឆូយ វន ភេទស្រី ជាប្រពន្ធ អាយុ៤៨ឆ្នាំ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដែលជាកូនរស់នៅឯស្រុកថ្មគោល ចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី