សត្វជ្រឹង​រាប់ពាន់ក្បាល នៅក្បែបរិវេណវត្តបាយដំរាំ ជាគោលដៅមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរ

បាត់ដំបង ៖ បច្ចុប្បន្ននេះ គេសង្កេតឃើញសត្វជ្រឹងរាប់ពាន់ក្បាល បានប្រមូលផ្តុំគ្នារស់នៅ តាមដើមឈើធំៗ ជាច្រើនដើម នៅក្នុងបរិវេណក្បែវត្តបាយដំរាំ ស្ថិត​ក្នុងភូមិបាយដំរាំ ឃុំបាយដំំរាំ ស្រុកបាណន់ ចម្ងាយពីទីរួមខេត្តបាត់ដំបង ប្រមាណ១៤គីឡូម៉ែត្រ ធ្វើឲ្យតំបន់នោះ ក្លាយជាគោលដៅទេសចរ មួយទៀតរបស់ខេត្តបាត់ដំបង ។

ពាក់ព័ន្ធទៅនឹងហ្វូងសត្វជ្រឹងនេះ អាជីវករលក់ដូរនៅភូមិសាស្ត្រខាងលើ លោក  ហឿន សុផល បានឲ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ថា ប្រវត្តិហ្វូងសត្វជ្រឹងទាំងនេះ គឺ វាមករស់នៅតាំងពីអំឡុងឆ្នាំ១៩៩០ជាងមកម្លេះ ដោយនៅរស់នៅរាយប៉ាយ តាមវាលស្រែ ហើយក្រោយមកដោយមានការដេញបាញ់ប្រហារ អញ្ចឹងទៅពួកវាក៏បានប្តូរទីតាំង​ មករស់នៅតាមដើមឈើក្នុងវត្តបាយដំរាំ និងបន្តមករស់នៅតាមដើមឈើខាងក្រៅក្បែរបងវត្ត រហូតដល់សព្វថ្ងៃនេះ ដែលលោកគិតថា មានចំនួនរហូតជាង ១០០០០ក្បាល ហើយពេលនេះ ។

អាជីវករដដែលបានបន្តថា ហ្វូងសត្វជ្រឹងទាំងនេះបពិតជា​មានភាពទាក់ទាញ និងផ្តល់ចំណាប់អារម្មណ៍ខ្ពស់សម្រាប់អ្នកទស្សនា ព្រោះការរស់នៅរបស់ពួកវា មានសភាពចម្លែកទាំងដេកទាំងតោងមែកឈើ ត្រូវសំយ៉ុងក្បាលចុះក្រោមរហូត ដោយជើងវាតោងពាក់ជាប់នឹងមែកឈើ ប្រកបដោយលក្ខណៈសិល្បៈ ដ៏ប៉ិនប្រសព្វ​ ហើយរូបរាងវា គឺ ប្រហាក់ប្រហែលនឹងសត្វប្រជៀវ តែមុខមាត់វាស្រដៀងទៅនឹងសត្វឆ្កែទៅវិញ ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងដែរថា ទំហំសត្វជ្រឹងនៅបាយដំរាំខាងលើនេះ យើងចាត់ទុកថា ជាគោលដៅមួយសម្រាប់ការទាក់ទាញភ្ញៀវ ហើយជាមួយការទាក់ទងផ្ទាល់ គឺអាជ្ញាធរបាយដំរាំ ជាមួយគណកម្មការវត្ត ប៉ុន្តែខាងមន្ទីរជំរុញ ក្នុងការផ្សព្វផ្សាយ និងលើកទឹកចិត្តអោយភ្ញៀវ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ លោកចូលរួមក្នុងការអភិរក្សអោយបាន ហើយពេលនេះវា មានចំនួនច្រើន ព្រោះយើងអភិរក្សបាន និងរក្សាបានដោយមិនមានការបាញ់ឬសម្លាប់អ្វីនោះទេ ៕
ដោយ ៖ សាលី

CATEGORIES
Share This