ស្ត្រីចំណាស់ម្នាក់ ដើរឆ្លងផ្លូវ ត្រូវបានម៉ូតូបុក រងរបួសធ្ងន់
បាត់ដំបង ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានរបួសធ្ងន់(បាក់ជើង) ខណៈកំពុងដើរឆ្លងផ្លូវ ត្រូវម៉ូតូបុកពេញទំហឹង កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវលេខ០១ ត្រង់ចំណុចខាងមុខសាលាអនុវិទ្យាល័យ សោ ហឺ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
តាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីរងគ្រោះជនរងគ្រោះមានឈ្មោះ គា ហឿង ភេទស្រី អាយុ៧២ឆ្នាំ រស់នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានធ្វើដំណើរឆ្លងកាត់ផ្លូវទិសដៅពីលិចទៅកើត ភ្លាមនោះស្រាប់តែមានម៉ូតូម៉ាកCLICKពណ៌ស០១គ្រឿងពាក់ស្លាកលេខ បាត់ដំបង1AS-2554 បើកបរដោយយុវជនម្នាក់ឈ្មោះ វឌ្ឍន: អាយុ១៨ឆ្នាំ រស់នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើង ហើយបានជ្រុលទៅបុកជនរងគ្រោះពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ ប៉ះពាល់ផ្ទៃមុខ និងបាក់ជើងឆ្វេងម្ខាងភ្លាមៗនោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែង យកម៉ូតូបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី