រថយន្តដឹកទំនិញធុនធ្ងន់ បើកធ្លាក់ផ្លូវ បណ្តាលអោយក្រឡាប់ផ្ងារជើង
បាត់ដំបង ៖ រថយន្តដឹកទំនិញធុនធ្ងន់ មួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេក បានរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ផ្ងារជើង ចូលប្រឡាយរងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្តាយផ្លូវហៃវេ ត្រង់ចំណុចភូមិស្វាយធំ ឃុំអូរដំបូង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក HYUNDAI ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 3A-4879 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បានបើកបរដឹកផ្លែប័រ និង ផ្លែផាសិន ពេញរថយន្តក្នុងទិសដៅពីកើតទៅលិច គោលបំណងដើម្បីយកទៅលក់អោយឈ្មួញនៅប្រទេសថៃ លុះមកដល់ចំណុចកើតហេតុ ទំនងតៃកុងងក់មួយភាំង បានរ៉េចង្កូតធ្លាក់ផ្លូវជិត៥០ម៉ែត្របានក្រឡាប់ផ្ងារជើង ចាក់ផ្លែឈើចោលពេញប្រឡាយរថយន្តរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបររងរបួសត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាល នៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកចំណុចកើតហេតុ ខាងលើតែដោយសាររថយន្តក្រឡាប់ខ្លួនឯង និងមិនបណ្តាលអោយខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ ទើបសមត្ថកិច្ចអនុញ្ញាតអោយខាងក្រុមហ៊ុនឡាន ចាត់ចែងដោះស្រាយដោយខ្លួនឯង ៕
ដោយ ៖ សាលី