ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះផ្ទះ ០១ខ្នងទាំងស្រុង នៅស្រុកថ្មគោល
បាត់ដំបង ៖ ផ្ទះឈើ០១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ច ចុះអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ១២និង១០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៩ ភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ ៤ម៉ែត្រx៨ម៉ែត្រ តសំយ៉ាបថែម ៤ម៉ែត្រ សង់អំពីឈើ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី បណ្តាលអោយខូតខាតអស់ទាំងស្រុង ដែលមានម្ចាស់ផ្ទះឈ្មោះ ហេវ យុត ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅក្រុមទី០៩ ភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
សម្ភារៈខូចខាតរួមមាន ៖ គោយន្តកន្ត្រៃ០១គ្រឿង, រថយន្តតូរីស ០១គ្រឿង, ទូរទឹកកក០១, ម៉ាស៉ីនកិនស្រូវចំនួន០១, ម៉ាស៉ីនហាន់ដើមចេកចំនួន ០១, តុបាយ០១, គ្រែដេកចំនួន០២, ទូរទស្សន៍ចំនួន០១គ្រឿង និងថវិកាចំនួន ៣០០០បាត ដោយសរុបជាទឹកប្រាក់ទាំងអស់ចំនួន ១៦,០០០ដុល្លារ (មួយម៉ឺនប្រាំមួយពាន់ដុល្លារសហរដ្ឋអាមេរិក) ។
ជុំវិញករណីខាងលើនេះដែរ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់អស់ទឹកចំនួន០១ ឡានផងដែរ ៕
ដោយ ៖ សាលី