ព្រះសង្ឃរបួសធ្ងន់ស្រាលជាច្រើនអង្គ ក្នុងករណីគ្រោះថ្នាក់ចរាចរ រថយន្តដឹកដីបុករថយន្តហ្វត

បន្ទាយមានជ័យ ៖ ហេតុការគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងរវាងរថយន្តដឹកដីធុនធំ និងរថយន្តហ្វតដឹកព្រះសង្ឃ បណ្តាលអោយព្រះសង្ឃ៥អង្គ រងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ហេតុការគ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីវេលាម៉ោង១២ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៥៦ ស្ថិតនៅចំនុចភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

តាមអ្នកឃើញហេតុការ បានអោយដឹងថា មុនពេលកើតហេតុ គឺ រថយន្តហ្វតពាក់ស្លាកលេខបន្ទាយមានជ័យ 2G-6000 បើកបរពីជើងទៅត្បូងលុះដល់ចំនុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំដឹកដី ក្នុងទិសដៅផ្ទុះគ្នា បានឡើងជែងរថយន្តមួយទៀត ក៏ទៅបុករថយន្តហ្វតពេញទំហឹង បណ្តាលអោយព្រះសង្ឃ ចំនួន៥អង្គ និងអ្នកបើករថយន្តដឹកព្រះសង្ឃរងរបួសធ្ងន់ស្រាល ។ ចំណែកតៃកុងរថយន្តធំ ក៏រងរបួសដែរ ត្រូវបាននញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯខេត្តបន្ទាយមានជ័យ ។

តាមការបង្ហោះហ្វេសបុករបស់ព្រះសង្ឃ គឺ រថយន្ត​ដែលដឹកព្រះសង្ឃរងគ្រោះ​ ៖ មានព្រះភិក្ខុ​ ធម្មាលង្ការោ​ ចាន់​ សុជន​ និងកូនសិស្សចំនួន៥អង្គ នាក់​គង់នៅវត្តកណ្តាលខ្ចាស ខណៈដែលព្រះតេជគុណ និងកូនសិស្សចេញពីការដាំដេីមឈេី និងមេីលកិច្ចការនៅ​វត្តធម្មាលង្ការាមភ្នំ្រពះ​ ។

បើតាមការអោយដឹងពីលោកអធិការស្រុកថ្មពួក មិនបានអោយដឹងពីមូលហេតុ នៃករណីគ្រោះថ្នាក់នេះទេ តែលោកបានអោយដឹងថា ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាសវែង ធ្វើកំណត់ហេតុ និងនាំយករថយន្តទាំងពីរគ្រឿង រក្សាទុកនៅអធិការដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This