ឯកឧត្តម ហេង ណារ៉េត អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ គ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន តាមប្រព័ន្ធថ្នាល់ជាតិ( NSWM-PLATFORM)
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រងសំណល់រឹងទីប្រជុំជន បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ គ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន តាមប្រព័ន្ធថ្នាល់ជាតិ( NSWM-PLATFORM) ដែលប្រារព្ធធ្វើនៅឯសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ការអនុវត្តតាមប្រព័ន្ធថ្នាលជាតិនេះ គឺជាកម្មវិធីថ្មីមួយរបស់ក្រសួងបរិស្ថានដើម្បីធ្វើឱ្យទីក្រុងបាត់ដំបងអស់សំរាម គ្មានថង់ផ្លាស់ស្ទិកហើរតាមខ្យល់ ឬនៅតាមទីសាធារណៈនានា ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនាកម្សាន្ត ស្នាក់នៅ និងដាក់ទុនវិនិយោគ ធ្វើឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើង ។
ឯកឧត្តម បានបន្តទៀតថា ការពិតរឿងសំរាមនេះត្រូវការយកចិត្តទុកដាក់ទាំងអស់គ្នា ហើយសំរាមនេះបើយើងគិតថារឿងតូចគឺតូច តែបើយើងគិតថា ជារឿងធំគឺយើងឈឺក្បាលដេកមិនលក់នោះទេ ដូច្នេះត្រូវមានការចូលរួមសហការទាំងអស់គ្នា ដើម្បីធ្វើឲ្យក្រុងបាត់ដំបង គ្មានសំរាម ដើម្បីផ្ដល់នូវភាពស្អាត ក្នុងការរស់នៅ និងកំណើនភ្ញៀវទេសចរផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រងសំណល់រឹងទីប្រជុំជន បានបញ្ជាក់ថា តាមរយៈនៃការរីកចម្រើនក្នុងកំណើនសេដ្ឋកិច្ច រង្វង់៧%ប្រចាំឆ្នាំ យើងបានប្រែក្លាយប្រទេសជាតិយើងពីប្រទេសដែលមានប្រាក់ចំណូលទាបទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយយើងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ទន្ទឹមនឹង ការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ចរបស់ប្រទេសជាតិផង ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋផងនោះ បញ្ហាសំរាមសំណល់រឹង ក៏បានក្លាយទៅជាប្រធានបទដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់ ហើយកំណើននៃការបង្កើនសំរាម សំណល់រឹងក៏មានការកើនឡើងផងដែរ ។
ឯកឧត្តមបានបញ្ជាក់ថា សំរាមបានកើនឡើងដល់៤លានតោនក្នុងមួយឆ្នាំនៅទូទាំងប្រទេសកម្ពុជា ដោយឡែកនៅក្រុងបាត់ដំបង មានប្រមាណ១២០ ទៅ១៤០តោនក្នុងមួយថ្ងៃ ដែលបានកើនឡើងច្រើនធ្វើឲ្យយើងមានការព្រួយបារម្ភ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាមសំណល់រឹងទាំងអស់នេះ ៕
ដោយ ៖ សាលី