សមត្ថកិច្ចស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យពីរនាក់ពីបទឆក់ទូរស័ព្ទដៃ
ខេត្តពោធិ៍សាត់ ៖ កាលពីវេលាម៉ោង០៨ និង៣០នាទីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ បានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជុំស្តីទីថា ករណីជនមិនស្គាល់មុខចំនួន០២នាក់ ដោយប្រើមធ្យោបាយម៉ូតូ០១គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿង មិនបានសម្រេច ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ឡាប សុភី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្តៀង កើតហេតុនៅចំណុចគល់ស្ពានបេតុង ស្ថិតនៅភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
តាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកកណ្ដៀង បានឲ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍សមត្ថកិច្ច បានចុះសហការដល់កន្លែងកើតហេតុនឹងបានទទួលព័ត៌មានបន្ថែមទៀតថា ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពឆក់មិនបានសម្រេចរួចមក ម៉ូតូក្រុមជនស្ស័យអស់សាំង ហើយបានចូលចាក់សាំងនៅតូបលក់ដូរមួយកន្លែង ស្ថិតនៅខាងកើតកន្លែងកើតហេតុ ហើយក្រុមជនសង្ស័យគ្មានលុយចាក់សាំង ក៏បានដាក់មួកសុវត្ថិភាពបញ្ចាំជាមួយអ្នកលក់ដូរនៅទីនោះ ។
ខណៈនោះសមត្ថកិច្ចបានដាក់ភ្នាក់ងារ ដើម្បីជួយឃ្លាំពិនិត្យមើល ក្រោយមកក៏មានក្រុមជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង មកយកមួកសុវត្ថិភាពពីម្ចាស់តូប ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនមកសាកសួរ ជនសង្ស័យទាំង០២នាក់ ៖ ១-ឈ្មោះ វី សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ២-ឈ្មោះ ងួន លីហុង(ឡាង លីហុង) ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ រស់នៅភូមិពោរកំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានធ្វើតេស្តទឹកនោមរកសារធាតុញៀន ។
ជាលទ្ធផលវិជ្ជមាន(+) មានសារធាតុញៀនក្នុងទឹកនោម ប្រើប្រាស់ដោយបំពាននូវសារធាតុញៀនខុសច្បាប់ ។ចំពោះវត្ថុតាងរួមមាន៖ មួកសុវត្ថិភាពចំនួន០២ ក្នុងនោះពណ៌ខ្មៅចំនួន០១នឹងពណ៌សចំនួន០១ ។ ម៉ូតូចំនួន០១គ្រឿងម៉ាកDream C125 សេរី2020 ពណ៌ខ្មៅ ពាក់ស្លាកលេខប-មាន ជ័យ1V-4659។ ទូរស័ព្ទដៃ០១គ្រឿងម៉ាក iPhone 7ពណ៌ស។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីបំពេញបែបបទតាមនីតិវិធី ៕