យុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ នាំអំណោយចូលរួមរំលែកទុក្ខ គ្រួសារពលរដ្ឋដែលមានសមាជិកស្លាប់ គ្មានលទ្ធភាពធ្វើបុណ្យឲ្យបានសមរម្យ
បន្ទាយមានជ័យ ៖ គ្រួសារពលរដ្ឋមួយគ្រួសារ ដែលមានសមាជិកម្នាក់ឈឺស្លាប់ គ្មានលទ្ធភាពធ្វើបុណ្យឲ្យបានសមរម្យ បានទទួលអំណោយមនុស្សធម៌ ពីសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ សាខាខេត្តបន្ទាយមានជ័យ ។
ការនាំអំណោយនេះ ប្រព្រឹត្តទៅក្រោមការដឹករបស់លោក អេម ពៅ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ និងលោក យី ចំរើន អនុប្រធាន ព្រមទាំងសមាជិក ចំនួន០២នាក់ទៀតផងដែរ ។
លោក អេម ពៅ មានប្រសាសន៍ថា អនុវត្តន៍តាមការណែនាំរបស់លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តបន្ទាយមានជ័យ និងបន្ទាប់ពីទទួលបានដំណឹងពីអាជ្ញាធរ អំពីសុខទុក្ខគ្រួសារប្រជាពលរដ្ឋ ដែលមានសមាជិកគ្រួសារម្នាក់ឈ្មោះ ឈីវ គឹមឈេម បានស្លាប់ព្រោះតែជំងឺមហារីរ៉ាំរ៉ៃ អស់រយៈពេលជាង១ឆ្នាំ ក្នុងជន្មាយុ២៣ឆ្នាំ ហើយគ្រូសារគ្មានលទ្ធភាពធ្វើបុណ្យឱ្យបានសមរម្យ ទើបលោកដឹកនាំក្រុមការងារ នាំយកនូវអំណោយមនុស្សធម៌របស់សមាគមក្រុង ប្រគល់ជូនគ្រួសារសព ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រួលទុក្ខលំបាក ខណៈបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ ។
សូមបញ្ជាក់ថា អំណោយដែលត្រូវបាននាំយកមកប្រគល់ជូន រួមមាន ៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប៊ីចេង ១កញ្ចប់, អំបិល ១គីឡូក្រាម, ស្ករ ១គីឡូក្រាម, ខ្លាញ់ ១ដប, ទឹកសុទ្ធ ១០យួរ និងថវិកា ២០ម៉ឺនរៀល ៕