ជនពិការ ១គ្រួសារ ទទួលអំណោយ ពីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)
បន្ទាយមានជ័យ ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បាននាំយកអំណោយ របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ចែកជូនដល់គ្រួសារជនពិការ ១គ្រួសារ ដែលកំពុងជួបការលំបាក ។
ការនាំអំណោយនេះប្រព្រឹត្តទៅនៅនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ដល់មូលដ្ឋានរស់នៅស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្រោមការដឹកនាំរបស់លោក ប្រាក់ សាវន អនុប្រធាន តំណាងលោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ និងក្រុមការងារ និងមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាក្រុងសិរីសោភ័ណ និងអាជ្ញាធរមូលដ្ឋានផងដែរ ។
ពលរដ្ឋពិការដែលត្រូវទទួលអំណោយ មានឈ្មោះ ម៉ី ចន្ថាវី មានជំងឺរហូតធ្លាក់ខ្លួនពិការជើងទាំងពីរ តាំងពីអំឡុងឆ្នាំ១៩៩១ និងខ្វះខាតផ្នែកជីវភាព ។ ហើយអំណោយ ដែលត្រូវប្រគល់ជូន រួមមាន ៖ អង្ករ ចំនួន ៥០ គីឡូក្រាម មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១យួរ ទឹកស៉ីអ៉ីវ ចំនួន ១យួរ ទឹកត្រី ចំនួន ១យួរ ទឹកបរិសុទ្ធ ចំនួន ១០យួរ និងថវិកា ចំនួន ១០ម៉ឺនរៀល ៕