ដើមឈើធ្នង់ស្រស់ជាច្រើនដើមត្រូវមន្ត្រីជំនាញបង្ក្រាបបានខណៈក្រុមឈ្មួញកំពុងដឹកជញ្ជូននៅតំបន់ស្រុកសំឡូត
បាត់ដំបង៖ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើសំឡូត ដែលដឹកនាំដោយលោក ឆាយ ណារ៉េត នាយផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល បានចុះបង្រ្កាបរថយន្តចំនួន០២គ្រឿងខណៈកំពុងដឹកជញ្ជូនផលអនុផលព្រៃឈើ (ដើមធ្នង់ស្រស់) ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
លោក សើ សាម៉េត អភិបាលនៃគណៈអភិបាលស្រុកសំឡូត បានអោយដឹងថា កិច្ចចុះប្រតិបត្តិការបង្ក្រាបករណីខាងលើនេះធ្វើឡើងនៅវេលាម៉ោង ២និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចនិយាមកាUTM(285689-1398028) ក្នុងភូមិព្រៃធំ ឃុំកំពុងល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ខណៈដែលក្រុមឈ្មួញកំពុងដឹកចេញពីចំណុចវាលចំបាំង។
វត្ថុតាងដកហូតបានរួមមាន:-ដើមឈើធ្នង់ស្រស់ចំនួន១០ដើម-រថយន្តច្នៃចំនួន០១គ្រឿងនិងរថយន្តដំរីចំនួន០១គ្រឿង ហើយបន្ទាប់ពីបង្ក្រាបបានវត្ថុតាងនៃបទល្មើសខាងលើ ត្រូវបានដឹកជញ្ជូនយកមកថែរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើសំឡូត ធ្វើការវាស់វែង និងស្វែងរកម្ចាស់អោយចូលខ្លួនដើម្បីបន្តនីតិវិធីតាមច្បាប់ស្តីពីព្រៃឈើ។