ដំណាំស្រូវជាង ៣ម៉ឺនហិកតា ក្នុងស្រុកចំនួន០២ រងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត

(បាត់ដំបង) គ្រោះរាំងស្ងួតមិនមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ បានធ្វើអោយប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋសរុបប្រមាណចំនួន ៣៤៤០២ ហិកតា នៅស្រុកពីរផ្សេងគ្នា ក្នុងនោះមានស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ នៃខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរធនធានទឹក និង ឧទុនិយម ខេត្តបាត់ដំបង បន្ទាប់ពីបានដឹកនាំមន្រ្តីជំនាញ សហការជាមួយប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិសា្ថនស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ និងមន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយស្រុក បានចុះពិនិត្យវាយតម្លៃស្រូវដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ឃើញថា ផលប៉ះពាល់ ក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ សរុបមានចំនួន ៣៤៤០២ ហិកតា ។

ក្នុងចំណោមស្រូវដែលរងផលប៉ះពាល់ ទាំង ៣៤៤០២ ហិកតា ក្នុងនោះមានស្រុកមោងឫស្សីប៉ះពាល់សរុបចំនួន ៣១២០០ ហិកតា ក្នុងផ្ទៃដីការងារអនុវត្តដាំដុះសរុបចំនួន ៦១៩៩៣ ហិកតា និងស្រុកគាស់ក្រឡប៉ះពាល់សរុបចំនួន ៣២០២ ហិកតា ក្នុងផ្ទៃដីការងារអនុវត្តដាំដុះសរុបចំនួន ១៤ ០៩៧ ហិកតា។

របាយការណ៍ដដែលបានបង្ហាញថា តាមការផ្តល់ព័ត៌មានពីមន្រ្តីជំនាញ តំបន់នេះមិនមានភ្លៀងធា្លក់អស់រយៈពី២០ ទៅ២៥ថ្ងៃមកហើយ ហើយកន្លងមកនេះនៅក្នុងស្រុកមោងឫស្សីពឹងផ្អែកលើប្រព័ន្ធធារាសាស្ត្រកង្ហត ប្រព័ន្ធទំនប់បាសាក់ សំណង់ស្ទាក់ទឹកព្រែកជីក ប្រឡាយមេ១៧មេសា និងស្ទឹងមោងឫស្សី (ស្ទឹងដូនទ្រី) ហើយនៅចំពោះមុខយើងអាចសង្គ្រោះបានតែមួយចំនួនតូចប៉ុណ្ណោះ ដោយសារនៅក្នុងប្រភពទឹកពុំមានទឹកគ្រប់គ្រាន់ដោយសារគ្មានភ្លៀងធ្លាក់។

គួរបញ្ជាក់ថា!នៅក្នុងខេត្តបាត់ដំបង ចាប់ពីដើមខែសីហា រហូតមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ភ្លៀងធ្លាក់រាយប៉ាយស្ទើរតែគ្រប់ទីកន្លែង ដោយឡែកនៅស្រុកមោងឫស្សីទាំងមូលពុំមានភ្លៀងធ្លាក់ក្នុងរយៈពេលប្រហែលចំនួន ២០ ទៅ ២៥ថ្ងៃកន្លងមកហើយ ជាពិសេសប្រភពទឹកដែលមានក្នុងស្រុកមោងឫស្សីមានដូចជា ទំនប់បាសាក់នៅផ្នែកខាងលើ សំណង់ស្ទាក់ទឹកព្រែកជីក ប្រឡាយមេ១៧មេសា ក៏ដូចជាស្ទឹងមោងឫស្សី (ស្ទឹងដូនទ្រី) ពុំមានភ្លៀងធ្លាក់នៅក្នុងប្រភពទឹកទាំងអស់នោះទេ។

CATEGORIES
Share This