ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរកងកម្លាំងចម្រុះ ដែលចាប់បានទណ្ឌិតមេក្លោងគ្រឿងញៀន និងក្រុមឧក្រិដ្ឋជនរំដោះអ្នកទោស
ភ្នំពេញ ៖ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងតេលេក្រាម នាព្រឹកថ្ងៃទី២៤ ខែសីហានេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរថា «សូមកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតអាចស្វែងរកឃើញ និងចាប់បានជាបន្តបន្ទាប់នូវក្រុមឧក្រិដ្ឋជនរំដោះអ្នកទោស ដែលជាមេក្លោងគ្រឿងញៀន កាលពីថ្ងៃទី១៧ សីហា ២០២៣កន្លងទៅ នៅក្នុងខេត្តសៀមរាប»។
ជាលទ្ធផល ទាំងក្រុមឧក្រិដ្ឋជន និងទាំងពិរុទ្ធជនគ្រឿងញៀន ដែលត្រូវបានរំដោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣កន្លងទៅនេះ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជោគជ័យនៃបេសកកម្មដ៏មានសារៈសំខាន់នេះ គឺជាការអនុវត្តភារកិច្ច និងការចូលរួមចំណែកធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជា “កិច្ចការអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល សំដៅថែរក្សាសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ”។
នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២៣ ខែសីហាថា មកដល់ថ្ងៃនេះ កិច្ចសហប្រតិបត្តិការស្រាវជ្រាវបង្រ្កាបបទល្មើស ពាក់ព័ន្ធនឹងករណីក្រុមប្រដាប់អាវុធមួយ ដែលហៅថាធ្វើសកម្មភាពរំដោះ ឬប្លន់ទណ្ឌិត នៅខេត្តសៀមរាបនោះ ត្រូវចាប់ខ្លួនបានមកវិញហើយ។
នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ បានបញ្ជាក់ទៀតថា នេះមិនមែនជាជោគជ័យរបស់ស្ថាប័ន ឬអង្គភាពណាមួយនោះទេ ព្រោះករណីនេះមានការប្រឹងប្រែងរួមគ្នា គ្រប់រាល់កងកម្លាំងទាំងអស់ដែលស្ថិតនៅក្រោមការដឹកនាំ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានតាមប្រម៉ាញ់ និងឃាត់ខ្លួនមេក្លោងគ្រឿងញៀន ដែលត្រូវជាប់ទោស ៥២ឆ្នាំ ពីបទជួញដូគ្រឿងញៀនចំនួន ២លើកនោះ បានមកវិញហើយ។ ឧក្រិដ្ឋជនរូបនេះ ត្រូវបានក្រុមជនសង្ស័យបិទមុខ ៦នាក់ ជួយរំដោះឲ្យគេចខ្លួន នៅមន្ទីពេទ្យធ្មេញមួយកន្លែង ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣កន្លងទៅនេះ៕